(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចចុះបិទទីតាំងមួយកន្លែងទៀត គឺ «សណ្ឋាគារអន្តរជាតិ ហាយជីកាង» ក្រោយរកឃើញថាមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃនេះ ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដកើនឡើងចំនួន៧កន្លែងហើយនៅក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា ទីតាំងទាំង៧កន្លែង ដែលត្រូវបានបិទជា បណ្តោះអាសន្នរួមមាន៖

*ទី១៖ Jin Bei Casino & Hotel
*ទី២៖ Jin Bei Palace Hotel
*ទី៣៖ Jin Bei Artisan Hotel
*ទី៤៖ វីន ភ្យូឈ័រ ខុនដូ (WIN FUTURE)
*ទី៥៖ សណ្ឋាគារ ហ័ងហ្គ័នជាយី (Crowne Plaza Hotel)
*ទី៦៖ 17 ROMANCE (17演艺吧)
*ទី៧៖ សណ្ឋាគារអន្តរជាតិ ហាយជីកាង។

រដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានបានចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាល។ សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង២២នាក់ហើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៨៧នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕