(ភ្នំពេញ)៖ បច្ចុប្បន្ន ដំណាំស្វាយចន្ទី កំពុងតែមានការចាប់អារម្មណ៍ច្រើន ក្នុងការដាំ ពីប្រជាកសិករ ព្រោះថា ដំណាំស្វាយចន្ទី កំពុងតែមានទីផ្សារល្អ ប៉ុន្ដែទីផ្សារនេះ ពឹងផ្អែកទាំងស្រុង នៅលើទីផ្សារក្រៅស្រុក ដែលធ្វើឲ្យមានក្ដីបារម្ភ នៅពេលដែលគេឈប់បញ្ជាទិញ នឹងធ្វើឲ្យកម្ពុជាបាត់បង់ទីផ្សារ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទីផ្សារស្វាយចន្ទី ក្នុងប្រទេសកម្ពុជា វានឹងមិនងាយបាត់បង់ឡើង ហើយលទ្ធភាព នៃការកើតឡើងនូវបញ្ហានេះ គឺស្តួចស្តើងបំផុត។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា មូលហេតុ នៃអំណះអំណាងនេះ គឺផ្អែកទៅលើទំនាក់ទំនងពាណិជ្ជកម្ម ដែលកំពុងមានជាធរមានហើយ និងប្រវត្តិ នៃតំរូវការទីផ្សារចំពោះគុណភាព គ្រាប់ស្វាយចន្ទីកម្ពុជា។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា ជារួមទីផ្សារប្រទេសជិតខាង មិនអាចបិទទាំងស្រុង ដោយរើសអើង ចំពោះមុខទំនិញណាមួយបានទេ លើកលែងតែ ក្នុងករណី ដែលមានភស្តុតាងវិទ្យាសាស្រ្ត ឬភស្តុតាងសេដ្ឋកិច្ច ជាក់លាក់ដែលបង្ហាញថា អាចធ្វើឲ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុក របស់ប្រទេសនោះ។

ជាមួយគ្នានេះ លោកបានឲ្យដឹងទៀតថា កន្លងមកកម្ពុជា នាំចេញភាគច្រើន គ្រាប់ស្វាយចន្ទី មិនទាន់កែច្នៃ សំរាប់ប្រទេសជិតខាង ដែលទទួលទិញយកទៅកែច្នៃលក់បន្ត ប៉ុន្ដែបច្ចុប្បន្ននេះ កម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទីច្រើនកន្លែង ដែលអាចឈានទៅរកការកែច្នៃ ដើម្បីបំរើការនាំចេញបាន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ទៀតថា កម្ពុជា កំពុងសម្លឹង ទៅរកការនាំចេញ ទៅទីផ្សារគោលដៅផ្ទាល់ ដោយពុំបាច់ឆ្លងកាត់អន្តរការី។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងផងដែរថា ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំគោលនយោបាយ ជំរុញការធ្វើពាណិជ្ជកម្ម ផលិតផលស្វាយចន្ទី ដែលមានការចូលរួម ពីអន្តរក្រសួងពាក់ព័ន្ធផ្សេងទៀត ដើម្បីជំរុញផលិតកម្ម ធានានិរន្តភាព ខ្សែសង្វាក់ផ្គត់ផ្គង់ បង្កើនសមត្ថភាព។

លើសពីនោះទៀត ដើម្បីប្រសិទ្ធភាព នៃការកែច្នៃ បង្កើនពិពិធភាពផលិតផល ដែលច្នៃចេញពីស្វាយចន្ទី និងស្វែងរកទីផ្សារបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងថ្នាក់តំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី សំរាប់នាំចេញផលិតផលកម្ពុជាជារួម ពិសេសផលិតផលកសិកម្មក្នុងនោះ ក៏មានស្វាយចន្ទីផងដែរ។

លោក ប៉ែន សុវិជាតិ បានអះអាងថា ការអនុវត្តគោលនយោបាយនេះ ធ្វើឡើងដើម្បីឲ្យមានប្រសិទ្ធិភាព នឹងត្រូវរំពឹងទុកថា អាចជួយកាត់បន្ថយថ្លៃដើម ជំរុញភាព ប្រកួតប្រជែង របស់ទំនិញស្វាយចន្ទីកម្ពុជា ឲ្យមានកំរិតខ្ពស់ ក្នុងតំបន់ និងពិភពលោក។ គោលនយោបាយនេះ នឹងរៀបចំចប់សព្វគ្រប់ ក្នុងពេលឆាប់ៗនេះ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ចំពោះបញ្ហាទីផ្សារស្វាយចន្ទី ក្រសួងកសិកម្ម ក៏មានផែនការសម្រាប់ទុកដោះស្រាយ កុំឲ្យមានបញ្ហានេះ កើតឡើងផងដែរ។

លោក ងិន ឆាយ បានឲ្យដឹងថា ដោយបង្កើនការវិនិយោគ ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រ ដល់ការកែច្នៃស្វាយចន្ទី នៅប្រទេសកម្ពុជា ដើម្បីអាចឲ្យមានលទ្ធភាព ស្រូបយកលទ្ធផលស្វាយចន្ទី មកធ្វើការកែច្នៃ។

លើសពីនោះទៀត ត្រូវតែសហការជាមួយ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកទីផ្សារ តាមរយៈការបង្ហាញអំពីគុណភាព ស្វាយចន្ទីរបស់កម្ពុជា ដើម្បីទទួលបានការបញ្ជាទិញពីទីផ្សារអន្ដរជាតិ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ងិន ឆាយ មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្ម៕