(ភ្នំពេញ)៖ លោក នង សាកល ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងហ្សាកាតា បានប្រតិកម្មទៅនឹង​ការលើកឡើង​របស់ លោកស្រី នីណា ហាជីហ្គៀន (Nina Hachigian) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ សហគមន៍អាស៊ាន ដែលបាននិយាយ​ពាក់ព័ន្ធ​នឹងស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងសន្និសីទ​ជាមួយអ្នក​យកព័ត៌មាន នាទីក្រុងហ្សាកាតា។  

ពាក់ព័ន្ធនឹងការលើក​ឡើងរបស់លោកស្រី នីណា ហាជីហ្គៀន អំពីស្ថានភាពសិទ្ធិមនុស្ស​នៅកម្ពុជា ត្រូវបាន នង សាកល​ ឆ្លើយតបដោយលិខិត​ចំនួន៣ចំណុច នៅថ្ងៃនេះថា៖

ទី១៖ វាជាការពិតដែលប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា​ បានលើកឡើងជាទូទៅពីបញ្ហា​ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស​ដោយមិនលើក​ចំពីប្រទេស​ណាមួយឡើយ។
ទី២៖ ក្នុងនាមជាឯក​អគ្គ​រដ្ឋទូតសហ​រដ្ឋអាមេរិក ប្រចាំសហគមន៍​អាស៊ាន តួនាទីសំខាន់បំផុត​រ​បស់លោកស្រី​ គឺគ្រាន់តែផ្តោត​លើការតាមដាន និងការលើកំពស់​ភាពជាដៃ​គូយុទ្ធសាស្រ្ត​អាស៊ាន-​សហរដ្ឋអាមេរិក​ និងមិនជ្រៀត​​ជ្រែក​​កិច្ចការផ្ទៃក្នុង​របស់កម្ពុជា ដោយរបៀប​មិនសមរម្យ​នោះឡើយ។
ទី៣៖ ច្បាប់របស់កម្ពុជា ពុំមានបំណងរឹតបន្តឹងសេរីភាព​របស់អង្គការ​ក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលទេ ប៉ុន្តែធានាឲ្យ​មាន​ការសម្រប​​សម្រួល​បានល្អជាងមុន នៃកិច្ចប្រតិបត្តិការ​ក្នុងក្របខ័ណ្ឌ​ច្បាប់មួយ។

ការប្រតិកម្មឆ្លើយតបពីសំណាក់ឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងហ្សាកាតា ខាងលើនេះ, បន្ទាប់ពីលោកស្រី នីណា ហាជីហ្គៀន បានថ្លែងយ៉ាងដូច្នេះ ថា «ខ្ញុំ​អាច​ប្រាប់​លោក​បាន​ថា នៅ​គ្រប់​ឱកាស​ទាំង​អស់​ក្នុង​ជំនួប​កំពូល លោក​ប្រធានាធិបតី​បាន​លើក​ឡើង​នូវ​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ ហើយអាទិភាព​សំខាន់​របស់​យើង ​គឺ​ចង់​មើល​ឃើញ​ប្រទេស​កម្ពុជា ​អភិវឌ្ឍ​ទៅ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ ដែល​គោរព​សិទ្ធិ​មនុស្ស និង​គាំទ្រ​សង្គម​ស៊ីវិល​ចម្រើន​លូតលាស់» នេះបើយោងតាមកាសែត​ខេមបូឌាដេលី ចេញផ្សាយថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦៕

ខាងក្រោមនេះជាលិខិតរបស់ ឯកអគ្គរដ្ឋទូត លោកស្រី ហាជីហ្គៀន ដែលទទួលបានពីក្រសួងការបរទេសកម្ពុជា៖