(កណ្តាល)៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថ ក្រុងតាខ្មៅ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងចាប់ខ្លួនស្រីថៅកែហាង លក់ឥវ៉ាន់ចាប់ហួយ​យីហោ «លាង អេង មានលក់ភេសជ្ជៈគ្រប់មុខ» ពីបទជួញដូរគ្រឿងញៀន ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្រាប់ប្រតិបត្តិការមួយនេះ ដែលធ្វើឡើងក្រោមការដឹក​នាំ​បញ្ជា​ផ្ទាល់​ពីមេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ សំ តុលា នោះកម្លាំងអាវុធហត្ថបានដកហូតថ្នាំញៀនចំនួន៩កញ្ចប់។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានប្រាប់ Fresh News ថា ជនសង្ស័យឈ្មោះ គឹម ទៀង អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ រស់នៅទីតាំងខាងលើ។ សម្រាប់ករណីនេះមន្រ្តីអាវុធហត្ថខេត្តកណ្តាល បានថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋយ៉ាងខ្លាំងចំពោះការផ្តល់ព័ត៌មានជូន រហូតចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។ សម្រាប់ករណីគ្រឿងញៀននេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានដាក់ផែនការជាបន្ត​បន្ទាប់​ដល់កងកម្លាំងរបស់ខ្លួន លើការចុះស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាដែលនៅសេសសល់ដើម្បីលុបបំបាត់ ដែលជាបញ្ហានាំគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះសង្គមជាតិទាំងមូល។

លោកឧត្តមសេនីយ៍ សំ តុលា ធ្លាប់បានបញ្ជាក់ថា «ចំពោះបញ្ហានេះ កម្លាំងរបស់យើងទាំងអស់ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្ត នឹងបន្តយុទ្ធនាការដូចភ្លៀង​រលឹម​មិន​ដកថយ​នោះឡើយ ពីព្រោះវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិរបស់យើងនៅពេលបញ្ហាគ្រឿងញៀនចូលវាយលុក»៕