(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីកម្ពុជា ទទួលបានមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ២២២រូបហើយ ដើម្បីផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការការពារក្ដីជូនជនក្រីក្រ ដោយឥតគិតកម្រៃ ដែលក្នុងនោះ មានមេធាវីចំនួន ១៣៧រូប ស្ម័ត្រចិត្តផ្តល់ការពិគ្រោះយោបល់ដោយឥតគិតកម្រៃ និងមានមេធាវីចំនួន ៨៥រូប ស្ម័គ្រចិត្តការពារក្ដីដោយឥតគិតកម្រៃ។

តាមសេចក្ដីជូនដំណឹងរបស់គណៈមេធាវីកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បន្ទាប់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវតាមរយៈលិខិតលេខ ១៨៦/គម/២១ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេធាវីស្ម័គ្រចិត្តចូលរួមផ្តល់ការពិគ្រោះ៖ យោបល់ផ្នែកច្បាប់ និងការពារក្ដីជូនជនក្រីក្រដោយឥតគិតកម្រៃ យ៉ាងផុសផុល ។

គណៈមេធាវី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសមាជិក-សមាជិកា ដែលជាមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ២២២រូប។ ជាមួយគ្នានេះ គណៈមេធាវី ក៏បានបញ្ជាក់ដែរថា សម្រាប់សាធារណជនដែលមានបំណងពិគ្រោះយោបល់ផ្នែកច្បាប់ សូមអញ្ជើញទៅទទួល សេវានេះ៖ ដោយឥតគិតកម្រៃ តាមតារាងពេលវេលា និងអាសយដ្ឋានដែលភ្ជាប់ជួនជាមួយ នេះ ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវដល់សមាជិក-សមាជិកា ទាំងអស់មេត្តាបន្តចូលរួមធ្វើជាមេធាវីស្ម័ត្រចិត្តក្នុងការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការពារក្ដីជូនជនក្រីក្រដោយឥតគិតកម្រៃ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួម បម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរឡើង ក៏ដូចជាដើម្បីលើកស្ទួយឧត្តមភាព និង កិត្យានុភាពនៃវិជ្ជាជីវៈមេធាវី៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គណៈមេធាវីកម្ពុជា៖