(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណ:ក្រុមគ្រួសារបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ បន្ទាប់ពីជនរងគ្រោះរូបនេះ ត្រូវបានជ្រូកព្រៃខ្វេះដាច់ជើងឈាមហូរច្រើនពេក បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរទ្រាំមិនបាន។

ឧបទ្ទវហេតុនេះ កើតឡើងនាវេលាម៉ោង ៩ និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចច្រាបឈ្នួល ខាងក្រោយផ្ទះរបស់ជនរងគ្រោះប្រហែលជា២០០ម៉ែត្រ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ សត្វឆ្កែរបស់់ជនរងគ្រោះ បានព្រុសដេញសត្វជ្រូកព្រៃ ជនរងគ្រោះឈ្មោះស៊ុន វី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ នៅចំណុចច្រាបឈ្នួល ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ បានឮសត្វឆ្កែ របស់គាត់ ព្រុសក៍រត់ទៅមើលប្រទះឃើញ សត្វឆ្កែរបស់គាត់កំពុងប្រយុទ្ធតតាំងជាមួយសត្វជ្រូកព្រៃ ខណ:ពេលនោះសត្វជ្រូកព្រៃក្រឡេកឃើញគាត់ជាម្ចាស់ឆ្កែ សត្វជ្រូកព្រៃក៏រត់បោលបុកខ្វេះយកៗចំស្មងជើងខាងឆ្វេងផ្នែកខាងមុខ របស់ជនរងគ្រោះ ដាច់រហែក បែកសាច់ចេញពីគ្នា ហូរឈាមជាច្រើន។ ខណៈនោះប្រពន្ធ កូនរបស់ជនរងគ្រោះ ឃើញជនរងគ្រោះមានរបួសធ្ងន់ធ្ងរក៏បញ្ជូនមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ លុះមកដល់មន្ទីរពេទ្យ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់មួយរំពេច ធ្វើឱ្យក្រុមគ្រួសារមានការអាឡោះអាល័យ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ម្នាក់ ដែលបានលាចាកលោកនេះទៅ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងលោកមេឃុំសន្រ្ទែ បានបញ្ជាក់ថា នៅតំបន់ស្រុកភ្នំក្រវាញ ពិតជាមានសត្វជ្រូកព្រៃ ដែលវាតែងតែចេញដំណើរដើររកស៊ី ពីកន្លែង១ទៅកន្លែង១ ស្វែងរកចំណីដូចជា ដំឡូងមី និងមើមឬសឈើ ផ្សេងៗទៀត ដែលពួកវាអាចស៊ីជាអាហារ ដើម្បីចិញ្ចឹមជីវិតរបស់ពួកវា។ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ជាយថាហេតុ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន រីឯជ្រូកព្រៃបោលចូលព្រៃបាត់ទៅ៕