(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានវាយបកលើសេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ទាក់ទងនឹងស្ថានភាពនៃការការពារនិងអភិរក្សដែនជម្រកសត្វព្រៃព្រៃឡង់ដែលអង្គការនេះបានប្រើប្រាស់រូបភាពផ្សាយរណពិពណ៌នាពីបទល្មើស និងការទាមទារឱ្យក្រុមបណ្តាញសហគមន៍ព្រៃឡង់គ្មានច្បាប់បន្តសកម្មភាពបែប អនាធិបតេយ្យរបស់ខ្លួននៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានចាត់ទុកសេចក្តីថ្លែងការណ៍បែបទម្លាប់អាក្រក់ដែលអង្គការមួយនេះធ្វើឡើងក្នុងចរិតរិះគន់ដើម្បីបំផ្លាញកម្ពុជា ជ្រកក្រោមស្លាកសិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យ និងការពារក្រុមជនបំពានច្បាប់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា៖ «អង្គការលើកលែងទោសអន្តរជាតិតែងតែចេញសេចក្តីថ្លែងការណ៍ផ្តល់ការគាំទ្រ និងលើកទឹកចិត្តក្រុមជនបំពានច្បាប់ និងញុះញង់ដោយមិនចេះខ្មាសអៀនឱ្យជនទាំងនោះបន្តប្រព្រឹត្តល្មើសច្បាប់។ អង្គការនេះគួរប្រកាន់យកភាពស្មោះត្រង់ សុច្ចរិតភាព និងវិជ្ជាជីវៈក្នុងការចេញសេចក្តីថ្លែងការណ៍ណាមួយ»

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ដើម្បីធ្វើឱ្យសេចក្តីថ្លែងការណ៍របស់ខ្លួនទាក់ទាញការចាប់អារម្មណ៍ អង្គការលើកលែងទោសអន្តរជាតិបានបំភ្លៃការពិតលើ ការប្រើប្រាស់រូបភាពផ្កាយរណបអំពីរថយន្តដឹកនាំឈើនិងការសម្អាតដៃដែលតាមការពិតទីតាំងមួយចំនួន ដែលអង្គការនេះថាស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ គឺជាទីតាំងដែលបានបោសសម្អាតនៅក្នុងគម្រោង សម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន។

លោកបានថ្លែងថានេះ គឺជាកំហុសវិជ្ជាជីវៈមួយដែលអង្គការលើកលែងទោសអន្តរជាតិដែលតាំងខ្លួនជាជើងឯកផ្នែកសិទ្ធិមនុស្សបានបំភ្លៃលើទិន្នន័យផ្កាយរណបដើម្បីពិពណ៌នាការបាត់បង់ព្រៃឈើតាមរបៀបវារៈទុច្ចរិតរបស់ខ្លួនក្នុងទិសដៅបំភ្លៃការពិត។

មន្ត្រិជាន់ខ្ពស់ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បទល្មើសធនធានធម្មជាតិពិតជានៅបន្តកើតមាននៅក្នុងតំបន់ការពារធម្មជាតិរួមនឹងដែនជម្រកសត្វព្រៃព្រៃឡង់ បើទោះបីជាមន្ត្រីឧទ្យានុរក្ស និងកម្លាំងសមត្ថ កិច្ចពាក់ព័ន្ធរួមនឹងសហគមន៍តំបន់ការពារធម្មជាតិខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃក្នុងការចុះល្បាត ទប់ ស្កាត់បង្ក្រាបបទល្មើស។ ប៉ុន្តែបទល្មើសទ្រង់ទ្រាយធំលែងមានទៀតហើយ នៅមានកើតឡើងបទល្មើស ទ្រុងទ្រាយតូចៗដែលជនល្មើសមួយចំនួនបន្តលួចធ្វើសកម្មភាពដោយលួចលាក់កាប់ឈើ និងទន្ទ្រានកាន់ កាប់ដីព្រៃដោយខុសច្បាប់។

លោក នេត្រ ភក្ត្រា បានបន្តថា ស្ថានភាពវាមិនអាក្រក់ដូចអ្វីដែលក្រុមអង្គការសង្គមស៊ីវិលខ្លះ និងក្រុមសកម្មជននយោបាយព្យាយាមបំប៉ោងព័ត៌មាននោះទេ។

លោករដ្ឋលេខាធិការ បានឱ្យដឹងថា ក្នុងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅឆ្នាំ២០២០កន្លងទៅនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍ តំបន់ការពារធម្មជាតិដោយមានការគាំទ្រពីគម្រោងព្រៃឡង់បៃតងរបស់ USAID ផង បានចុះល្បាតចំនួន ១,៧២៨លើក បង្ក្រាបបទល្មើសបានចំនួន ១,០១៩ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅ តុលាការចំនួន ៤៧ករណី រឹបអូសរណាយន្តបានចំនួន ៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន ១១៦គ្រឿង រឹបអូសម៉ូតូចំនួន ៤៧គ្រឿង ដោះអន្ទាក់ចេញពីតំបន់ព្រៃឡង់បានចំនួន ២,៦៣០អន្ទាក់ ដកហូតកាំភ្លើងកែច្នៃចំនួន ១១៧ដើម ដកហូតឈើបានចំនួន ២៧៥ម៉ែត្រគូប ពិន័យអន្តរការណ៍ចំនួន ៦៩ករណី និងធ្វើកិច្ចសន្យា និងអប់រំចំនួន ៣៧៩ករណី។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា សេចក្តីថ្លែងការណ៍ដែលបង្កប់ដោយរបៀបវារៈនយោបាយទុច្ចរិតរបស់អង្គការលើកលែងទោសអន្តរជាតិនេះនឹងបន្ទរដោយក្រុមសង្គមស៊ីវិលក្នុងស្រុកដែលភាគច្រើនធ្វើសកម្មភាពដោយគ្មានច្បាប់ ហើយព្យាយាមបន្តតាំងខ្លួនជាតួឯកផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដើម្បីផលចំណេញនយោបាយសម្រាប់ក្រុមខ្លួនដោយមិនគិតពីគោលការណ៍ច្បាប់ជាធំ។

ទាក់ទងនឹងបណ្តាញសហគមន៍ព្រៃឡង់ លោក នេត្រ ភក្ត្រា បានលើកឡើងថា បណ្តាញសហគមន៍ព្រៃឡង់គឺជាយន្តការប្រតិបត្តិការក្រោមទម្រង់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ប៉ុន្តែមិនបានចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់ ជាពិសេសច្បាប់ស្តីពីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល ហើយថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះខែសីហា ឆ្នាំ២០២០ ក៏បានតម្រូវ បណ្តាញនេះទៅចុះបញ្ជីត្រឹមត្រូវតាមនីតិវិធីច្បាប់ ដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ក្នុងការសហការ និងអនុវត្តសកម្មភាព ការងាររបស់ខ្លួន ជាមួយក្រសួង ស្ថាប័ន មានសមត្ថកិច្ចរបសរាជរដ្ឋាភិបាល។

លៅកបានថ្លែងថា អ្វីដែលសមាជិកនៃបណ្តាញសហគមន៍ព្រៃឡង់នេះបាននឹងកំពុងធ្វើស្ថិតក្រោមការសម្របសម្រួល និងគាំទ្រមួយច្បាស់លាស់ពីក្រុមជនមួយក្រុមតូចដែលមានរបៀបវារៈនយោបាយក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា បង្កើតភាពអនាធិបតេយ្យ និងចិញ្ចឹមទំនាស់លើវិស័យបរិស្ថាន និងធនធានធម្មជាតិ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រកាសថា ក្រសួងបរិស្ថាន រីករាយ និងស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានាក្នុងតំបន់ការពារធម្មជាតិសម្រាប់ដៃគូទាំងឡាយណា ដែលបានគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ។ ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ ដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជាឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

លោក នេត្រ ភក្ត្រា បានលើកឡើងថា កន្លងទៅនេះ ក្រសួងបរិស្ថាន បានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមមួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ សកម្មភាពបំពានលើច្បាប់យ៉ាងគឃ្លើនបែបនេះ ដោយជ្រកក្រោមស្លាកជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ គឺជាចេតនាទុច្ចរិតក្នុងការធ្វើវិទ្ធង្សនាប្រឆាំងនឹងរាជរដ្ឋាភិ
បាល លើការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តែប៉ុណ្ណោះ។

បន្ថែមពីនេះ លោកបានអះអាងថា ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលនៅតែបន្តបំពានធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ និងខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានគ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការច្បាប់ ជាពិសេសច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបញ្ឈប់សកម្មភាពបែបនេះទេ ហើយក្រសួងក៏ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយតាមដានពិនិត្យ និងចាត់វិធានការតាមច្បាប់ ទៅលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណាដែលធ្វើសកម្មភាពដោយមិនមានច្បាប់ត្រឹមត្រូវ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានប្រាប់ទៅក្រុមអង្គការសង្គមស៊ីវិល និងក្រុមសកម្មជន នយោបាយជ្រកក្រោមស្លាកអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិថា៖ «សូមអស់លោកកុំមានជំងឺ តួឯកក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ! យើងខ្ញុំគ្មានជំងឺតួឯកនេះដូចអ្នកទេ។ តួឯករបស់យើងខ្ញុំ គឺធនធានធម្មជាតិ និងជីវៈចម្រុះដែលកម្ពុជាមាន ហើយយើងខ្ញុំខិតខំប្រឹងប្រែងការពារនិងអភិរក្សដើម្បីប្រយោជន៍មនុស្សរាប់ជំនាន់ទៅមុខទៀត»

រូបផ្កាយរណបនេះមិនស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទេ នៅក្នុងដីសម្បទានសេដ្ឋកិច្ច