(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត រួមជាមួយជួរថ្នាក់ដឹកនាំមន្ត្រីរាជការជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២១ បានចុះសួរសុទុក្ខ និងពិនិត្យប្រជាពលរដ្ឋ ដែលបាននិងកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យព្រះរាជសម្ភារ ស្ថិតក្នុងសង្កាត់ដូងខ្មែរ ក្រុងកំពត។

លោកអភិបាលខេត្ត ជាវ តាយ បានណែនាំដល់ជួរថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងសម្អាតទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ឲ្យបានល្អ និងពិនិត្យឡើងវិញនូវប្រព័ន្ធទឹកស្អាត និងប្រព័ន្ធភ្លើងអគ្គីសនី រួចតភ្ជាប់បណ្តាញនេះឡើងវិញ ដើម្បីសម្រួលដល់ការស្នាក់នៅ របស់អ្នកធ្វើចត្តាឡីស័ក ក្នុងកំឡុងពេល១៤ថ្ងៃ។

ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់លោកប្រធានមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធ ត្រូវផ្គត់ផ្គង់សម្ភារៈចាំបាច់បន្ថែមទៀត ជូនដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌល។ ជាពិសេសមណ្ឌលចត្តាឡីស័កវិទ្យាល័យព្រះរាជសម្ភារ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានផ្តល់សម្ភារៈជូនមន្ទីរសុខាភិបាលខេត្ត នូវអាល់កុលចំនួន ៦០លីត្រ ម៉ាស់ចំនួន១០០ប្រអប់ ទឹកខ្ពល់មាត់ ចំនួន ១០ដប ដបបាញ់អាល់កុលចំនួន១០ដប ដើម្បីចាត់ចែងប្រើប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក និងបានឧបត្តម្ភថវិកាដល់ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កចំនួន ៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥០០០០រៀល កម្លាំងសមត្ថកិច្ចយាមប្រចាំការចំនួន៥នាក់ ក្នុងម្នាក់ ទទួលបានថវិកា ៥០០០០រៀល និងបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ៤១នាក់ ក្នុងម្នាក់ ទទួលបានថវិកាចំនួន ៥០០០០រៀល។

នៅថ្ងៃដដែលនេះដែរ លោកអភិបាលខេត្ត ក៏បានបន្តដំណើរទៅពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ខេត្តកំពត ដើម្បីបម្រុងទុកសម្រាប់ទទួលធ្វើចត្តាឡីស័ក ក្នុងករណីមានអ្នកវិលត្រឡប់ ពីបរទេស មកក្នុងខេត្តច្រើន ជាពិសេសនៅក្នុងកំឡុងពេល នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ ទីកន្លែងដែលត្រៀមបម្រុងនេះ គឺជាអតីតអាគារសហគមន៍ស្រែអំបិល ដែលមានទីតាំងស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

សូមបញ្ជាក់ថា បច្ចុប្បន្នបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យព្រះរាជសម្ភារនេះ មានចំនួន ៤១នាក់ ភាគច្រើនពួកគាត់ គឺជាពលករដែលវិលត្រលប់មកពីប្រទេសថៃ ដែលស្ថិតនៅក្រោមការ ពិនិត្យ និងគ្រប់គ្រង ពីមន្ទីរសុខាភិបាលខេត្ត ក្នុងការយកសំណាកទៅពិនិត្យជាប្រចាំ និងមានការការពារពីសមត្ថកិច្ច។ អ្នកដែលត្រូវធ្វើចត្តាឡីស័ក ត្រូវបានផ្តត់ផ្តង់ថវិកាប្រចាំថ្ងៃក្នុងម្នាក់ៗ ចំនួន ២០០០០រៀលសម្រាប់ការហូបចុក តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕