(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ព្រឹទ្ធសភាកម្ពុជា បំពេញទស្សកិច្ចផ្លូវការ នៅប្រទេសជប៉ុន នៅរាត្រីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្ថានឯកអគ្គរាជទូតនៃម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនីស្សិតខ្មែរ ដែលកំពុងរស់នៅធ្វើការងារ និងបំពេញការសិក្សានៅប្រទេសជប៉ុន។

ក្នុងពិធីសំណេះសំណាលនោះ សម្ដេចប្រធានព្រឹទ្ធសភា បានជម្រាបជូនអំពីគោលបំណង និងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា នៅប្រទេសជប៉ុន ដែលទើបនឹងបញ្ចប់ហើយ ទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កាល្អ ។

សម្តេចក៏បានជម្រាបជូន បងប្អូនខ្មែរ ដែលកំពុងរស់នៅ ប្រកបរបរ និងសិក្សានៅប្រទេសជប៉ុន អំពីសភាពការណ៍ និងស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជា បច្ចុប្បន្ន« រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញយ៉ាងខ្លាំងលើការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន លើមូលដ្ឋានកំណែទម្រង់ទូលំទូលាយ និងស៊ីជម្រៅ ដោយចាត់ទុកកំណែទម្រង់គឺជាអាយុជីវិតរបស់ប្រទេសជាតិ»។ ជាលទ្ធផលកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧% អតិផរណាស្ថិតក្រោម ៥%, GDP សម្រាប់ប្រជាជនម្នាក់ៗ បាន ១ ៣២៥ ដុល្លារ តម្លៃប្រាក់រៀលមានស្ថេរភាព ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកនៅត្រឹម១៣,៥% ។ កម្ពុជាត្រូវបានចាត់ទុកថា កំពុងឈានពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រឹតទាប ក្នុងឆ្នាំ២០១៦ នេះ ។

សម្ដេចប្រធានបានផ្ដល់អនុសាសន៍ដល់ឯកអគ្គរាជទូត និងមន្រ្តីទូតទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារផលប្រយោជន៍បងប្អូនជនរួមជាតិ និងនិស្សិតយើង
ដែលកំពុងរស់នៅ ធ្វើការងារ និងសិក្សា នៅប្រទេសជប៉ុន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់របស់ម្ចាស់ប្រទេស ដើម្បីលើកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ កិត្យានុភាពរបស់កម្ពុជាយើងនៅលើឆាកអន្តរជាតិ។

សូមជម្រាបថា សម្តេច សាយ ឈុំ និងគណៈប្រតិភូ នឹងត្រឡប់មកដល់កម្ពុជាវិញ នៅថ្ងៃទី២៦ ខែកុម្ភៈនេះ បន្ទាប់ពីបញ្ជប់ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅប្រទេសជប៉ុន៕