(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោក មាន ចាន់យ៉ាដា លោក ហួត ហៃ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ បានអញ្ជើញទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បី ចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ដូសលើកទី២ ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិនរួចហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងមកនេះលោក ឃួង ស្រេង, លោក ហ៊ុន ម៉ាណែត, លោក ហ៊ុន ម៉ានិត កូនប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន, លោក មាន ចាន់យ៉ាដា, លោក ហួត ហៃ និងលោក នួន ផារ័ត្ន
និងឥស្សរជនមួយចំនួនទៀត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ នៅមន្ទីរពេទ្យកាលម៉ែត ទៅតាមការរៀបចំរបស់ក្រសួងសុខាភិបាលសម្រាប់ដូសលើកទី១។

បើគិតមកដល់ពេលនេះលោក ឃួង ស្រេង បានចាក់វ៉ាក់សាំងកូវីដ១៩ មានរយៈពេលកន្លះខែហើយ ប៉ុន្តែវ៉ាក់សាំងកូវីដ១៩ មិនបានធ្វើឲ្យលោកមានបញ្ហាអ្វីនោះទេ។ លោកបានហាត់ប្រាណជាធម្មតា បំពេញការងារបានរាល់ថ្ងៃ។

ជាងនេះទៅទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងកើតឡើងនេះ លោកអភិបាលរាជធានីភ្នំពេញ បានប្រចាំការនៅទីបញ្ជាការស្រាលគណៈបញ្ជាការរដ្ឋបាលភ្នំពេញ ដើម្បីដោះបញ្ហាបន្ទាន់ៗ១យប់ៗ រហូតជិតភ្លឺ ពេញ១សប្តាហ៍មកហើយ តែសុខភាពលោកនៅរឹងមាំដដែល មិនមានអ្វីប្រែប្រួលនោះទេ។ នេះជាការមើលឃើញជាក់ស្តែង និងបញ្ជាក់របស់មន្រ្តីសាលារាជធានីភ្នំពេញ។

គួរបញ្ជាក់ទៀតថា ក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែតកាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ កន្លងមកនេះ លោក ឃួង ស្រេង បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿលើការឃោសនារបស់ជនអគតិមួយចំនួន ជុំវិញចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិននេះ៕