(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីប្រជុំផ្សព្វផ្សាយ និងបែងចែកកម្លាំង ប្រចាំការតាមគោលដៅព្យាបាល និងគោលដៅ កំពុងធ្វើចត្តាឡីស័ក។

កិច្ចប្រជុំនេះ ដើម្បីឲ្យកងកម្លាំងទាំងអស់ ត្រូវតែបំពេញតួនាទីភារកិច្ចឲ្យបានល្អ អនុវត្តឲ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់តាមទីតាំងឲ្យបានល្អ នៅតាមគ្រប់ទីតាំងទាំងអស់។

ម្យ៉ាងវិញទៀត កម្លាំងទាំងអស់ដែលប្រចាំការ តាមគោលដៅត្រូវតែចូលរួមបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលវីរុសកូវីដ១៩។

កិច្ចប្រជុំបន្ទាន់នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា បើក្នុងករណី មានអ្នកអុកឡុក ឬបង្កបញ្ហាមិនស្តាប់ តាមការណែនាំរបស់គ្រូពេទ្យ សមត្ថកិច្ច នឹងចាត់វិធានការតាមច្បាប់ ចំពោះជនបរទេស ដែលបង្កបញ្ហា នឹងចាប់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសុំគោលការណ៍ ថ្នាក់ដឹកនាំបណ្តេញចេញពីប្រទេសកម្ពុជា៕