(កណ្ដាល)៖ ក្មេងស្ទាវមួយក្រុមមានគ្នា៥នាក់ ជំនាញបង្ហោះម៉ូតូបង្អួតគេឯង នៅមុខសួនច្បារក្រុងតាខ្មៅ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំអប់រំធ្វើកិច្ចសន្យា និងហៅឪពុកម្ដាយមកធានាយកទៅអប់រំបន្ថែម។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចផ្លូវ២១A ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្ទាវទាំង៥នាក់នោះ រួមមាន៖ ទី១៖ឈ្មោះឡាយ រតនៈ អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ លី វណ្ណា អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ តាំង ឡយស៊ាង អាយុ១៥ឆ្នាំ, ទី៤៖ឈ្មោះ អៀ សុខហេង អាយុ១៦ឆ្នាំ និងទី៥៖ឈ្មោះ ស៊ឹម លីហ័ង្ហ អាយុ១៥ឆ្នាំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែឃើញ ក្រុមជនសង្ស័យខាងលើកំពុងជិះម៉ូតូបង្ហោះ។

ភ្លាមនោះកម្លាំងបានស្ទាក់ចាប់ឃាត់ខ្លួនទាំង៥នាក់ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ក្មេងស្ទាវទាំង៥នាក់នេះ បានសារភាពថា ពួកគេពិតជាបានបង្ហោះម៉ូតូពិតប្រាកដមែន ហើយទើបតែបង្ហោះលើកទី១ទេ ចំណែកឯគ្រឿងញៀនវិញ មិនធ្លាប់ប្រើប្រាស់ឡើយ។ បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងហៅអាណាព្យាបាលមកធានាដើម្បីត្រឡប់ទៅផ្ទះវិញ៕