(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយ ឲ្យផ្អាកអាជីវកម្ម ក្លឹបកម្សាន្ដ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាដិន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ក្នុងសហគមន៍។

សេចក្ដីជូនដំណឹងរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្ដព្រះវិហារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោកបានណែនាំ អភិបាលក្រុង ស្រុក និងមន្ទីរទេសចរខេត្ត ត្រូវចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្ដនានា ត្រូវផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់ស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្បើយឡើងវិញ។

ក្នុងសេចក្ដីជូនដំណឹងដដែលនោះ លោកអភិបាលខេត្ត ក៏បានប្រាប់អាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងតាមដានគ្រប់ទីតាំងជាប្រចាំ ក្នុងករណីដែលម្ចាស់អាជីវកម្មណាមួយ មិនអនុវត្តន៍តាមការណែនាំ ត្រូវចាត់វិធានការរដ្ឋបាល ឬបិទអាជីវកម្មតែម្តង៕