(បាត់ដំបង)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង តំណាងឲ្យអភិបាលខេត្តបាត់ដំបង នៅវេលាម៉ោង ១១៖១០នាទីនាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះដោះស្រាយវិវាទរ៉ាំរ៉ៃ ដែលដើមបណ្ដឹងឈ្មោះ ឃុត សេង ប្ដឹងឈ្មោះ សោម សារ៉ែន ដែលបានសាងសង់ផ្ទះសំណង់រឹងមាំគ្មានច្បាប់អនុញ្ញាតនៅចំណុច បណ្ដាយផ្លូវលេខ៧០២ របងសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ស្ថិតក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងខេត្តបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងវិវាទនេះភ្លាមលោក ណុប ដារ៉ា តំណាងឲ្យអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះចុះដល់ទីតាំងមានទំនាស់ភ្លាម និងបានធ្វើការសម្របសម្រួលដោះស្រាយក្រោមគោលនយោបាយ ឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ដោយគូភាគីទាំងសងខាង ព្រមឯកភាពបញ្ចប់វិវាទនេះដោយធ្វើកិច្ចសន្យាដូចខាងក្រោម៖

*ទី១៖ ដើមបណ្ដឹងលោក ឃុន សេង ព្រមដកពាក្យបណ្ដឹងចេញដែលបានប្ដឹងឈ្មោះ សោម សារ៉ែន កន្លងនៅសាលាក្រុង
*ទី២៖ ឈ្មោះ សោម សារ៉ែន ព្រមធ្វើកិច្ចសន្យាធានាលើផ្ទះដែលខ្លួនបានសាងសង់ បើមានការរលំទៅលើផ្ទះលោក ឃុន សេង នៅថ្ងៃក្រោយនោះ ឈ្មោះសោម សារ៉ែន និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន
*ទី៣៖ ឈ្មោះ សោម សារ៉ែន ឯកភាពស្នើសុំការសាងសង់បន្តតាមផ្លូវច្បាប់នៅសាលាក្រុង។

ក្រោយបានដោះស្រាយបញ្ចប់វិវាទលោក ណុប ដារ៉ា បានជូនថវិកាចំនួន ១០០ដុល្លារដល់លោកអ៊ុស្រី សោម សារ៉ែន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃថែមទៀតផង។

សូមបញ្ជាក់ថា លោកស្រី សោម សារ៉ែន អាយុ៧០ឆ្នាំ ជាប្រជាពលរដ្ឋដែលរស់នៅក្នុងផ្ទះលេខ២១៤ ផ្លូវលេខ៧០២ ក្រុមទី៦ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុង-ខេត្តបាត់ដំបង។ អ៊ុស្រីបានសំណើសុំឲ្យអភិបាល ខេត្តបាត់ដំបង មេត្តាជួយអន្តរាគមន៍ដើម្បីឲ្យអ៊ុស្រីបានសាងសង់ផ្ទះលើដីរបស់ខ្លួន តែដោយមានវិវាទជាមួយអ្នកជិតខាង ទើបមិនអាចសាងសង់បាន។ អ៊ុស្រីត្រូវលោក ឃុត សេង បានប្ដឹងទៅសាលាក្រុងមិនឲ្យមានការសាងសង់ ហើយសាលាក្រុងបានចេញលិខិតមិនអនុញ្ញាតឲ្យមានការសាងសង់បន្តកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ។

ក្រោយបានដោះស្រាយបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ អ៊ុស្រីទទួលបានការសាងសង់ផ្ទះឡើងវិញហើយក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។

លោកអ៊ុស្រី ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណដល់លោកអភិបាលខេត្តបាត់ដំបង ជាពិសេសលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង ដែលបានដឹកនាំក្រុមការងារចុះមកជួយសម្រុះសម្រួលដោះស្រាយវិវាទនេះ រហូតទទួលបានជោគជ័យក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន៕