(​កាត្មាន់​ឌូ​)៖ យន្តហោះ​ខ្នាត​តូច​មួយ​ទៀត​ហើយ ដែល​ដឹក​មនុស្ស ១០​នាក់ បាន​ធ្លាក់​នៅ​តំបន់ភ្នំ​ភាគ​ខាងលិច ប្រទេស​នេ​ប៉ាល់ នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ បន្ទាប់​ពី​អ្នកបើកបរ​បាន​ព្យាយាម​ចុះចត ពេល​ស្ថានភាព​មិន​អំណោយផល​បំផុត ប៉ុន្តែ​សំណាងល្អ មនុស្ស​នៅលើ​យន្តហោះ​ទាំងអស់ មិន​មាន​អ្នកស្លាប់ គ្រាន់តែ​រងរបួស​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចេញផ្សាយ​នៅ​ប៉ុន្មាន​នាទី​មុននេះ​។​

​យន្តហោះ​ខ្នាតតូច​ខាងលើនេះ ផ្ទុក​អ្នកដំណើរ ០៨​នាក់ និង​ពី​ឡុត​ម្នាក់ ព្រមទាំង​អ្នក​បម្រើ​ម្នាក់ទៀត បាន​ធ្លាក់​នៅ​ពេល​រសៀល​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ហោះ​ចេញពី​ស្រុក​ណេ​ប៉ាល់​ហ្គា​ន់​ច៍ (Nepalgunj) ឆ្ពោះទៅ​កាន់​ស្រុក​ជុំ​ឡា (Jumla) ភាគ​ខាងលិច​ប្រទេស​នេ​ប៉ាល់​។ យន្តហោះ​ខាងលើនេះ​មាន​លេខ​សម្គាល់ 9N-AJB ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង ស្រុក Air Kasthamandap​។​

​យោងតាម​សំដី​របស់​អាជ្ញាធរ បានឲ្យដឹងថា មិន​មាន​នរណា​ម្នាក់​បាត់បង់​ជីវិត​នោះ​ឡើយ ប៉ុន្តែ​ពី​ឡុត ហាក់​បាន​ទទួលរងរ​បួស​ធ្ងន់ធ្ងរ​ជាងគេ ស្របពេល​ដែល​អ្នកដំណើ​រ​ទាំងអស់​រងរបួស​ស្រាល​។ ការធ្លាក់​យន្តហោះ​លើក​នេះ បាន​កើតឡើង​បន្ទាប់​ពី​រយៈពេល​ពីរ​ថ្ងៃ ដែល​យន្តហោះ​មួយគ្រឿង​ទៀត ដឹក​មនុស្ស ២៣​នាក់ បាន​ធ្លាក់​នៅ​ភាគ​ខាងលិច​ប្រទេស​នេះ​ដូចគ្នា បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត មនុស្ស​ជិះ​នៅ​លើ​នោះ​ទាំងអស់​៕​