(ពោធិ៍សាត់)៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងពោធិ៍សាត់ ដឹកនាំដោយលោក ចាប នាង អភិបាលក្រុង បានចុះផ្អាកអាជីវកម្មខារ៉ាអូខេ ចំនួន២កន្លែង នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានលួចបើកល្មើសបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់ទីតាំងខារ៉ាអូខេទាំង២កន្លែងនេះ ឈ្មោះ Darling KTV និងក្លឹបកម្សាន្តស្លាមាស បានលួចបើកអាជីវកម្ម ល្មើសបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងដំណាក់កាលបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍។

ក្រោយពីចុះទៅផ្អាកកម្លាំងគណៈបញ្ជាការឯកភាពក្រុងពោធិ៍សាត់ ក៏បានឃាត់ខ្លួនបណ្តោះអាសន្ន មនុស្សចំនួន០៦នាក់ ដែលជាបុគ្គលបម្រើការនៅខារ៉ាអូខេ បញ្ជូនទៅកាន់អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ និងត្រូវរង់ចាំការណែនាំ របស់រាជរដ្ឋាភិបាលជាថ្មី ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ក្នុងនោះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រកឃើញមានអ្នកឆ្លងរហូតដល់ ២៣៤នាក់៕