(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អតីតស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានទទួលមរណភាព នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយរោគាពាធ។

បច្ចុប្បន្នសពត្រូវបានតម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណីសាសនា នៅគេហដ្ឋានក្នុងភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដំណឹងនេះ ចាត់ទុកជាការអញ្ជើញសាច់ញាតិបងប្អូនជិតឆ្ងាយ និងមិត្តនគរបាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។

គួរជម្រាបថា លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ទើបត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសផ្លាស់ប្ដូរភារកិច្ច ពីស្នងការរងខេត្តត្បូងឃ្មុំ មកជាអនុប្រធាននាយកដ្ឋានសរុបផែនការ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ៕