(​សៀមរាប​)៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​លោក ស៊ុំ ម៉ាប់ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Xu Yang អគ្គនាយករង​នៃ​រាជបណ្ឌិតសភា​ចិន សម្រាប់​បេតិកភណ្ឌ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៦ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជំរុញ​ឲ្យ​ខាង​ភាគី​ចិន ពិចារណា​ជ្រើសរើស​យក​ប្រាសាទបេង​មាលា ជា​ការដ្ឋាន​ជួសជុល​ថ្មី បន្ទាប់​ពី​ការជួសជុល​នៅ​ប្រាសាទតាកែវ ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ​២០១៧​។​

​លោក ស៊ុំ ម៉ាប់ បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ចិន ដែល​បាន​ចូលរួមចំណែក ក្នុង​ការងារ​ជួសជុល និង​អភិរក្ស​រមណីយ​រដ្ឋា​ន​អង្គរ ព្រមទាំង​បាន​រំលឹក​អំពី​ជំនួប​រវាង លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Li Xiaojie អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ដើម្បី​ស្នើ​រដ្ឋាភិបាល​ចិន ជួយ​ជួសជុល​សង្គ្រោះ​ប្រាសាទបេង​មាលា​។​

​ជា​កិច្ច​ឆ្លើយតប លោក Xu Yang អគ្គនាយករង​នៃ​រាជបណ្ឌិតសភា​ចិន បេតិកភណ្ឌ​វប្បធម៌ មាន​ឲ្យដឹងថា លោក​សូម​ថ្លែងអំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ ដែល​អាជ្ញាធរ​ជាតិ​អប្សរា តែងតែ​ផ្តល់​ជូន​ភាគី​ចិន​។ ក្នុងនោះ លោក Xu Yang ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក និង​ក្រុមការងារ នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​ប្រាសាទបេង​មា​លា នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ហើយ​លោក​នឹង​ធ្វើ​របាយការណ៍​ទស្សន​កិច្ច​នេះ ជូន​ទៅ​ក្រសួង​វប្បធម៌​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ធ្វើការ​ពិនិត្យ និង​សម្រេច​។ ទន្ទឹមនឹងនេះ លោក​ក៏​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ផ្តល់​ជា​ព័ត៌មាន​ទូទៅ​បន្ថែមទៀត​អំពី​ប្រាសាទបេង​មាលា​។​

​ជាមួយគ្នានេះដែរ កិច្ចពិភាក្សា ក៏​បាន​ផ្តោត​ទៅលើ​ការរៀបចំ​ការិយាល័យ​ការងារ របស់​ស្ថាប័ន​រដ្ឋាភិបាល​ចិន ដើម្បី​កិច្ចការ​អភិរក្ស​អង្គរ ក្នុង​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា ការងារ​ជួសជុល​ឡើងវិញ មណ្ឌល​ព័ត៌មាន​នៅ​ប្រាសាទចៅសាយទេវតា និង​ការសាងសង់​មណ្ឌល​ព័ត៌មាន​នៅ​ប្រាសាទ​តាកែវ​៕​