(មណ្ឌលគិរី)៖ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដំរីព្រៃមួយហ្វូងជាង ១០ក្បាល បានមកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី។ នៅកំលុងខែកុម្ភៈនេះ ជារៀងរាល់ឆ្នាំ ហ្វូងដំរីព្រៃតែងតែមកទីតាំងនេះដើម្បីរកស៊ី និងផឹកទឹក។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្ន្នកនាំពាក្យក្រសួងបរិស្ថាន សូមស្នើដល់ប្រជាពលរដ្ឋ កុំរំខានសត្វដំរីព្រៃទាំងនេះ និងសូមចូលរួមការពារ និងអភិរក្ស។ នៅប្រទេសកម្ពុជា សត្វដំរីព្រៃមានចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ក្នុងនោះភូមិភាគឦសាន ដែលរួមមានខេត្តមណ្ឌលគិរី និងរតនគិរី គឺសម្បូណ៌ដោយសត្វដំរីព្រៃ។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ក្បាល។

លោកបានឱ្យដឹងថា បើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩,៤៦៣ក្បាលទៅ ៤៧,៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។

ដំរីអាស៊ីកំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វានៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិត​ផុតពូជនៅក្នុងបញ្ជីក្រហម​របស់អង្គការសហភាព​អន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។ ការរិចរិលទីជម្រកបានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទដ៏សំខាន់នេះ។

លោក នេត្រ ភក្ត្រា បានបន្តទៀតថា យោងតាមរបាយការណ៍សិក្សា នៅក្នុងតំបន់ជួរភ្នំក្រវាញ មិនមានរបាយការណ៍ ណាមួយស្តីពីឧបទ្ទវហេតុនៃការបរបាញ់សត្វដំរី​ខុសច្បាប់​តាំងពីឆ្នាំ២០០៣ មកម៉្លេះ។

ចំណែកនៅក្នុងតំបន់ទេសភាពភាគខាងកើត មានការកត់សម្គាល់ថាមានដំរីស្លាប់ចំនួន ៨ក្បាលក្នុងនោះមានទាំងកូនដំរី និងដំរីធំដែលករណីដំរីធំស្លាប់ត្រូវបានសង្ស័យថាមានការពាក់ព័ន្ធនឹងការបរបាញ់។ កាលពីដើមឆ្នាំ២០១៩ សត្វដំរីព្រៃវ័យចំណាស់មួយក្បាលត្រូវបានប្រទះឃើញស្លាប់ ដោយត្រូវគេបាញ់ងាប់នឹងគ្រាប់កាំភ្លើងកែច្នៃនៅចំណុចចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅក្បែរដែនជម្រកសត្វព្រៃកែសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី ហើយភ្លុក និងកន្ទុយរបស់វាត្រូវបានគេលួចកាត់យកទៅបាត់។ នៅឆ្នាំ២០២០នេះ កូនដំរីព្រៃចំនួន ២ក្បាល បានរកឃើញស្លាប់នៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ១លង់ទឹកស្លាប់ដោយសារជើងជាប់នឹងល្បាក់ថ្ម និងមួយទៀតកើតមកមិនមានសុខ ភាពល្អ បានស្លាប់ទៅវិញក្រោយក្រុមមន្ត្រីជួយសង្គ្រោះ។

តាមលទ្ធផលពីការបំពាក់ម៉ាស៊ីថតស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូងថ្មីៗនេះ ក្នុងចំណោមកូនដំរី ៧ក្បាលមាន ៤ក្បាល ដែលមានអន្ទាក់នៅ ជាប់នឹងជើងរបស់ពួកវា ហើយក៏មានកូនដំរីព្រៃមួយក្បាលដែរដែលបានស្លាប់ដោយជាប់អន្ទាក់។ ភស្តុតាងនេះបានបញ្ជាក់ថាការប្រើប្រាស់អន្ទាក់សម្រាប់ចាប់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា នៅតែជាក្តីព្រួយបារម្ភដ៏ចម្បងនៅឡើយ ហើយក៏ជាគ្រោះថ្នាក់ដល់សត្វដំរីអាស៊ីផង ដែរព្រោះវាអាចបណ្តាលឱ្យសត្វដំរីរងរបួស និងស្លាប់បាន។

ដោយសារតែរយៈពេលនៃការបន្តពូជរបស់ដំរីអាស៊ីយឺត (ប្រាំឆ្នាំបង្កើតបានកូនមួយ) បើសិនអាត្រាស្លាប់នៃកូនដំរីព្រៃខ្ពស់ដោយសារតែរងរបួសពីអន្ទាក់ នោះចំនួនដំរីព្រៃនៅកម្ពុជា អាចមានបញ្ហាប្រឈមខ្ពស់ក្នុងការផុតពូជ។ ពលរដ្ឋខ្លះបានប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីរំខានដំរីដូចជាការធ្វើក្តារដាំដែកគោលដាក់តាមផ្លូវដើម្បីកុំឱ្យដំរីចូលស៊ីដំណាំរបស់ខ្លួនជាដើម។ ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសម្បែង និងការដាំដំណាំនៅតាមច្រករបៀងដែលសត្វដំរី ឆ្លងកាត់ក៏ជាបញ្ហាមួយចោទផងដែរ។

នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ ប៉ុន្តែយើងកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃបានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយ និងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណីអាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា និងលើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការ សម្លាប់ជាការសងសឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។

កម្រិតនៃការបរបាញ់សត្វដំរីព្រៃត្រូវបានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជាង ១០ឆ្នាំមកនេះដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់បានយ៉ាងល្អ ខណៈពីជាង ៣០ ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃអស់ជាច្រើនក្បាល៕