(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញលិខិតផ្អាកជាបណ្តោះអាសន្ន ចំពោះអគារស្នាក់នៅមួយកន្លែងរបស់ជនជាតិចិន ស្ថិតនៅផ្លូវលេខ២១០ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយរកឃើញថា មានជាតិចិននៅទីនោះកើតជំងឺកូវីដ១៩។

នៅក្នុងលិខិតដាក់ជូនលោក LU XIAOLONG ម្ចាស់អគារស្នាក់នៅរួម វីន ត្បូឈរ ខុនដូ អាជីវកម្ម រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ WANG MI អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EG 0167749 ដែលបានស្នាក់នៅអគារស្នាក់នៅរួម វីន ត្បូឈីរខុនដូ-អាជីវកម្ម ហើយលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩។

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ អភិបាលខេត្ត តម្រូវឱ្យផ្អាកជាបណ្តោះអាសន្នអគារស្នាក់នៅរួម ជាបន្ទាន់ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវ ដែលកំពុងស្នាក់នៅក្នុងអគារចេញ-ចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាក
ពីភ្ញៀវ និងបុគ្គលិកបម្រើការនៅក្នុងអគារ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។

ក្នុងដំណាក់កាលនេះ អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងអគារត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នា ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់អគារស្នាក់នៅរួមជាបណ្តោះអាសន្ន ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្នុងករណីលោក មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕