(កោះកុង)៖ មន្រ្តីសុខាភិបាល និងមន្រ្តីនគរបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកដំបូងរួចរាល់ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ៧៥នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកដំបូងរួចរាល់គ្រប់គ្នាហើយ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ មនុស្សដែលមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តកោះកុង មានចំនួនជិត ១០០នាក់ ក្នុងនោះមានមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន ៧៥នាក់ និងមន្ត្រីសុខាភិបាលខេត្តកោះកុងមួយចំនួនទៀតផងដែរ។

លោកប្រធានមន្ទីរសុខភិបាលខេត្តបានថ្លែងទៀតថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្តកោះកុង គឺចាប់ផ្តើមដំណើរការចាប់តាំងពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់អស់វ៉ាក់សាំងចំនួន ១,៨០០ដូស ទើបឈប់។

ចំពោះការចាក់វ៉ាក់សាំងថ្ងៃនេះ ក្រុមគ្រូពេទ្យធ្វើឡើងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំឡើយ ហើយអាចចាក់បានតែមន្ត្រីសុខាភិបាលខេត្ត និងមន្ត្រីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តកោះកុងតែប៉ុណ្ណោះ។ ទីតាំងដែលត្រូវចាក់វ៉ាក់សាំង មាន២ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល៕