(ភ្នំពេញ)៖ បន្ទាប់ពីទទួលស្គាល់ពីសារៈសំខាន់នៃសហគ្រាសធុនតូច និងមធ្យម ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) មួយស្ដីពី «ការអភិវឌ្ឍទីផ្សារខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ»

ការចុះ MoU ជាមួយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិលើ «ការអភិវឌ្ឍទីផ្សារខ្សែចង្វាក់ផ្គត់ផ្គង់ហិរញ្ញវត្ថុ» គឺដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន។

កម្មវិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមការចូលរួមពីលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា។ គម្រោងនេះមានទិសដៅស្របគ្នា ទៅនឹងសកម្មភាពអាទិភាពនៃ យុទ្ធសាស្រ្តជាតិស្តី ពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការលើកកម្ពស់ផលិតផលឥណទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម។

លទ្ធផលនៃគម្រោងនេះ នឹងក្លាយទៅជាឯកសារចង្អុលផ្លូវ សម្រាប់ការរៀបចំគោលនយោបាយ និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការពង្រឹង ការគាំទ្រផ្នែកបទប្បញ្ញត្តិ ការបង្កើនចំណេះដឹង និងការអនុវត្តទីផ្សារ និងការរៀបចំប្រព័ន្ធអេកូឡូស៊ី ដែលមានលក្ខណៈអំណោយផល៕