(កំពង់ចាម)៖ រហូតមកដល់ពេលនេះ កម្លាំងបោសសម្អាតគ្រាប់យុទ្ធភណ្ឌក្រោមទឹក និងកាកសំណល់សង្គ្រាមរបស់កម្ពុជា បានបើកប្រតិបត្តិការស្រង់គ្រាប់បានជាង ១០តោនហើយ ក្នុងចំណោមគ្រាប់យុទ្ធភណ្ឌដ៏ច្រើន ខណៈក្រុមការងារជំនាញបានទំលុះចូលដល់ឃ្លុបទី២ នៃនាវាហើយ។ នេះជាបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (NPMEC) ដល់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

នាវាម៉ារីន លិចនៅក្នុងទន្លេមេគង្គ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុន អាចមានទំហំគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ៤០ ទៅ៥០តោន។

ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អីឡូវនេះ យើងប្រមូលបានជាង ១០តោនហើយ ហើយកម្លាំងជំនាញបានសម្រុកចូលដល់ឃ្លុបទី២ ខណៈក្រុមជំនាញកំពុងតែសម្រុកស្រង់គ្រាប់យុទ្ធភណ្ឌក្នុងឃ្លុបទី២នេះ អីឡូវ...! ឃ្លុបទី២នេះ យើងប្រមូលបានប្រមាណ២តោន»

មេបញ្ជាការរូបនេះ បានបញ្ជាក់ថា ក្នុងចំណោមគ្រាប់យុទ្ធភណ្ឌដែលប្រមូលក្នុងឃ្លុបទី២ នៃនាវាចម្បាំងនេះ ភាគច្រើនគឺគ្រាប់ ១២,៧មីលីម៉ែត្រ, គ្រាប់ ៦០មីលីម៉ែត្រ និងគ្រាប់ ៨១មីលីម៉ែត្រ។

គួរជម្រាបថា ក្រៅពីទីតាំងនាវាចម្បាំងលិចក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងទសវត្ស១៩៧០ ប្រទេសកម្ពុជានៅមានទីតាំងនាវាដឹកសម្ភារសឹកមួយចំនួនទៀត ដែលគ្រោងនឹងសិក្សាស្រាវជ្រាវរកគ្រាប់យុទ្ធភណ្ឌដែលលិចជាមួយនាវាចម្បាំងរួមមានទី៖

ទីតាំងទី១៖ ស្ថិតនោភូមិរកាកោងមួយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប្រភេទទូកលបុកចាយដឹកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់ទាហាន លន់ ណុល ដែលបានលិចនៅកំលុងឆ្នាំ១៩៧២។

ទីតាំងទី២៖ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល (កំពង់ចម្លងបន្ទាយដែក បឹងគ្រុំ) ជាប្រភេទនាវាចម្លងផ្ទុកសម្ភារសឹកកងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ៨០០តោន (អ្នកស្រុកហៅថា ប្លង់តុង)។

ទីតាំងទី៣៖ ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ផ្ទុកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់កងទ័ព លន់ ណុល ចំណុះប្រមាន១០០០តោន។

និងទីតាំងទី៤៖ ស្ថិតនៅភូមិពាមរាំង ឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទនាវាចម្បាំងចំណុះប្រមាណ១០០០តោន ត្រូវបានបាញ់ឆេះ និងផ្ទុះលិច ក្នុងកំលុងសង្គ្រាមឆ្នាំ១៩៧២ ដល់១៩៧៣៕