(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានពន្យល់អំពី កាតព្វកិច្ចពន្ធសម្រាប់អង្គការ-សហគមន៍ធ្វើសកម្មភាពមនុស្សធម៌នៅកម្ពុជា។

លោករដ្ឋមន្ត្រីលើកឡើងថា សម្មភាពដែលរកប្រាក់ចំណូលរបស់អង្គការ និងសមាគម ត្រូវតែមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ក៏ប៉ុន្ដែសម្រាប់សកម្មភាពរកចំណូលរបស់អង្គការ សមាគមណា ដែលផ្ដល់លើសកម្មភាពមនុស្សធម៌សុទ្ធសាធ នោះពន្ធលើប្រាក់ចំណូល ត្រូវបានរដ្ឋលើកលែង ប៉ុន្ដែពន្ធផ្សេងៗទៀត ត្រូវបង់ជូនរដ្ឋជាធម្មតា។

លោក គង់ វិបុល បានបញ្ជាក់ថា «សកម្មភាពដែលរកទទួលទាន និងទទួលបានប្រាក់ចំណេញ ដាច់ខាត់ត្រូវតែមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ទោះបីជាចុះឈ្មោះជាអង្គការមិនមែនរដ្ឋាភិបាលក៏ដោយ ក៏ត្រូវមានកតព្វកិច្ច»

នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល ក្នុងកម្មវិធី Live ផ្ទាល់លើ Page ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពី «ការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ» នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក គង់ វិបុល បានឲ្យដឹងថា «ច្បាប់ពន្ធបានបញ្ជាក់ច្បាស់ថា ចំណូលពីគ្រប់ប្រភពទាំងអស់ គ្រប់សកម្មភាពសេដ្ឋកិច្ចត្រូវតែមកចុះបញ្ជី គោរពកតព្វកិច្ចពន្ធដារ មានន័យថា ប្រសិនបើអង្គការក្រៅរដ្ឋាភិបាល (NGO) មានពន្ធលើប្រាក់ចំណេញ ត្រូវបង់ពន្ធលើប្រាក់ចំណេញ។ ប៉ុន្ដែមាន NGO មួយចំនួនទៀតយកប្រាក់ចំណូល ដែលរកបានបំពេញមនុស្សធម៌សុទ្ធសាធ តាមច្បាប់ពន្ធដារត្រូវលើកលែង ពន្ធលើប្រាក់ចំណូលដល់អង្គការនោះ មានន័យថា ប្រសិនបើ NGO ចែកភាគលាភដល់ម្ចាស់អង្គការ ហើយម្ចាស់អង្គការនោះបានយកប្រាក់ចំណេញ មកផ្ដល់លើសកម្មភាពមនុស្សធម៌សុទ្ធសាធ ច្បាប់ពន្ធដារត្រូវលើកលែងពន្ធជូន ប៉ុន្ដែពន្ធផ្សេងទៀតៗ មិនត្រូវបានលើកលែងឡើយដូចជា៖ ពន្ធលើប្រាក់បៀវត្ស, ពន្ធ VAT, ពន្ធកាត់ទុកលើការជួល ឬការធ្វើសេវាផ្សេងៗទៀតត្រូវបង់ពន្ធ ដូចសហគ្រាសដទៃទៀតដែរ»។

លោករដ្ឋមន្ត្រីបានថ្លែងថា ចំពោះអង្គការ NGO ណារកប្រាក់ចំណេញបាន ហើយប្រាក់ចំណេញនោះមិនចែកភាគលាភគ្នា ដោយយកប្រាក់ចំណេញទៅជួយមនុស្សធម៌សុទ្ធសាធ ដូចជាការសាងសង់សាលារៀន ឬលើសកម្មភាពមនុស្សធម៌នានា គឺ រដ្ឋនឹងលើកលែងពន្ធលើប្រាក់ចំណេញ។ ប៉ុន្ដែប្រសិនបើអង្គការនោះយកប្រាក់ចំណេញទៅចែកគ្នាចាយ ចែកគ្នាដល់ម្ចាស់អង្គការ ដល់ម្ចាស់ភាគហ៊ុន អង្គការនោះនឹងត្រូវជាប់ពន្ធ តម្រូវឲ្យបង់ពន្ធជូនរដ្ឋ៕