(ពោធិ៍សាត់)៖ គណៈប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការ និងសហការី នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានជួបពិភាក្សាការងារជាមួយ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ម៉ៅ ធនិន អភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ អំពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី ដែលខេត្តអនុវត្តបានកន្លងមក។

ក្នុងឱកាសនោះលោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ដោយអនុវត្តតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជាផ្ទៃរដ្ឋសភា ក្នុងកិច្ចប្រជុំសាមញ្ញ២ដង ក្នុងមួយឆ្នាំ សម័យប្រជុំនោះមានរយះពេលយ៉ាងតិច៣ខែ និងវិស្សមកាល ២ដងក្នុងមួយឆ្នាំ ដែលក្នុងកំឡុងពេលវិស្សមកាលនេះ គណៈកម្មការត្រូវចុះបំពេញបេសកកម្មនៅតាមខេត្ត ដើម្បីបំពេញតួនាទីភារកិច្ចរបស់រដ្ឋសភា។

បើតាមលោក ប្រាជ្ញ ចន្ទ បានបន្តថា រដ្ឋសភាមានតួនាទី៣សំខាន់ គឺទី១៖ ការអនុម័តច្បាប់, ទី២៖ ការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ និងទី៣៖ ភាពជាអ្នកតំណាង ដែលអនុវត្តតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងតួនាទីភារកិច្ចរបស់គណ:កម្មការ បានចុះមើលពីវឌ្ឍនភាព ការរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្ត ពិសេសការអនុវត្តច្បាប់ជាច្រើន ដែលសភាបានអនុម័តរួច ព្រមទាំងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ ក្នុងឆ្នាំ២០២០កន្លងទៅ គណៈកម្មការបានទទួលពាក្យបណ្តឹងចំនួន ៩៧ករណី អន្តរាគមន៍បាន ៤៨ករណី នឹងកំពុងពិនិត្យបន្ត ២១ករណី និងតម្កល់ទុកមិនចាត់ការចំនួន២៨ករណី ព្រមទាំងធ្វើលិខិតឆ្លើយតប ២៧លិខិត។

បើតាម ម៉ៅ ធនិន បានថ្លែងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លើការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមរយ:ការបន្តយន្តការ ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ គ្រប់ស្ថាប័ន និងប្រព័ន្ធគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ និងធនធាន ការពង្រឹងសមត្ថភាពមន្ត្រី ធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋទាន់ពេលវេលា ធានាបានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

ទន្ទឹមគ្នានោះ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា បានធ្វើឱ្យរដ្ឋបាលខេត្ត កែប្រែមុខមាត់ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ ពិសេសខេត្តសម្បូរដីសម្រាប់ធ្វើកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំងមានកន្លែងទេសចរណ៍ធម្មជាតិ សាសនា និងវប្បធម៌ចំនួន ៣៥កន្លែងបន្ថែមទៀត ដែលក្នុងចំណោមតំបន់ទេសចរទាំងនោះ នៅឃុំអូរសោម ស្រុកវាលវែង ដែលមានសក្តានុពលខ្លាំងជាងគេ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្ត មានដូចជាតំបន់ទឹកធ្លាក់ ទេសចរណ៍សត្វក្រពើភ្នំ កសិដ្ឋានបន្លែ និងទំនប់វារីអគ្គិសនីដ៏ធំនៅក្នុងខេត្ត។

លោកបានបន្តថា ស្របគ្នានៃការរីកចម្រើន រដ្ឋបាលថ្នាក់ខេត្ត បានជួបបញ្ហាប្រឈមជាច្រើន ពិសេសទំនាស់ដីធ្លី និងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យខេត្តត្រូវចាត់វិធានការបន្ទាន់ និងធ្វើការផ្សព្វផ្សាយឱ្យប្រជាជន ចូលរួមនឹងទប់ស្កាត់ជាបន្ទាន់នៃជំងឺនេះ។

ដោយឡែកទំនាស់ដីធ្លីក្នុងខេត្ត ខេត្តបានប្រើយន្តការជាច្រើន សម្រាប់សម្របសម្រួល និងដោះស្រាយដូចជាតាមរយៈ ទី១៖ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី, ទី២៖ គណៈកម្មការសុរិយោដី, ទី៣៖ នីតិវិធីទទួលពាក្យបណ្តឹង បំពេញឯកសារ និងចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែង និងទី៤៖ ការដោះស្រាយជម្លោះ ដីធ្លីក្រៅប្រព័ន្ធតុលាការ ដែលរដ្ឋបាលខេត្តបានអនុវត្តនាពេលកន្លងទៅ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

ក្រោយតាមការលើកឡើងរបស់រដ្ឋបាលខេត្តពោធិ៍សាត់រួចរាល់, លោក ប្រាជ្ញ ចន្ទ ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់រដ្ឋបាលខេត្ត ដែលជានិច្ចជាកាល បានយកចិត្តទុកដាក់បម្រើសេវា និងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការច្បាប់ និងភាពសុខដុមរមនាកម្ម ដោយទទួលយកសំណើ បញ្ហាប្រឈមទាំងអស់របស់ខេត្ត យកទៅជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

ក្នុងថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា ក៏បនាអញ្ជើញចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ ទល់មុខច្រកបានថាសេន ខេត្តត្រាត ប្រទេសថៃ ព្រមទាំងបន្តពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលមាននៅទីនោះផងដែរ៕