(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលកោះកុង បានបញ្ជាឱ្យកងកម្លាំងនគរបាល ទាហាន និងមន្ត្រីពាក់ព័ន្ធដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីស្វែងរក និងវែកមុខក្រុមមេខ្យល់ទាំងឡាយណា ដែលបន្តសកម្មភាពលួចនាំពលករខ្មែរឆ្លងដែនដោយខុសច្បាប់ចូលក្នុងប្រទេសថៃ។

ការចេញបទបញ្ជាយ៉ាងតឹងម៉ឹងម៉ាត់បែបនេះ របស់ស្រីអភិបាលខេត្តកោះកុង ធ្វើឡើងខណៈមានក្រុមមេខ្យល់នៅតែបន្តសកម្មភាពរបស់ខ្លួន ដើម្បីលួចនាំពលករខ្មែរឆ្លងដែនដោយប្រថុយប្រថានទៅប្រទេសថៃ ខណៈដែលប្រទេសថៃ កំពុងតែួបវិបត្តិរាតត្បាតជំកូវីដ-១៩ ចូលក្នុងសហគមន៍ជាដើម។

បទបញ្ជានេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងឱកាសដែលលោកស្រី បានចុះពិនិត្យតាមប៉ុស្តិ៍វរសេនាតូចការពារព្រំដែនគោក៨២៧ និង១៩៩ ដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកមណ្ឌលសីមា។

លោកស្រីអភិបាលខេត្តកោះកុង បានបញ្ជាយ៉ាងដូច្នេះថា៖ «កម្លាំងនគរបាលដែលឈរជើង នៅតាមច្រកធម្មជាតិត្រូវមានគោលជំហរឱ្យបានរឹងមាំចំពោះពលករចំណាកស្រុកដែលលួចឆ្លងដែនវិលចូលស្រុកវិញ តាមច្រកធម្មជាតិ ដើម្បីជៀលវាងការនាំជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងសកលឆ្លងចូលក្នុងសហគមន៍។ ដូច្នេះបើមានពលករចំណាកស្រុកឆ្លងកាត់តាមច្រកធម្មជាតិ ត្រូវឃាត់គាត់ទុក្ខសួរនាំសិន ហើយត្រូវបញ្ជូនគាត់ឱ្យមន្ត្រីសុខាភិបាលដើម្បីធ្វើតេស្តចក្តាឡៃស័ករយៈ១៤ថ្ងៃសិន»

លោកស្រីអភិបាលខេត្ត បានបន្តថា «សមត្ថកិច្ចទាំងអស់ដែលឈរជើងតាមប៉ុស្តិ៍នីមួយៗ បើមានពលករឆ្លងដែនតាមច្រកប៉ុស្តិ៍របស់ខ្លួនត្រូវឃាត់ខ្លួនពលករចំណាកស្រុកដែលវិលចូលស្រុកវិញឬពលករលួចឆ្លងដែនចូលប្រទេសថៃ ត្រូវសួរនាំរកមេខ្យល់ដែលនាំពលករទាំងអស់នោះឱ្យឃើញ ដើម្បីសមត្ថកិច្ចមានចំណាត់ការតាមនីតិវិធីច្បាប់»

លោកស្រី មិថុនា ភូថង បានគូសបញ្ជាក់ថា «សមត្ថកិច្ចទាំងអស់សូមកុំឱ្យមានការធ្វេសប្រហែសឱ្យសោះពីព្រោះយើងបានដឹងហើយថាជំងឺកូវីដ-១៩ កំពុងរីករាលដាលឆ្លងចូលក្នុង «សហគមន៍ ២០កុម្ភៈ» នេះ ដែលធ្វើឲ្យរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលពិបាកក្នុងការគ្រង់គ្រង់ ដូច្នេះដើម្បីការពារកុំឱ្យកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍សមត្ថកិច្ចការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃយើងនេះ ត្រូវធ្វើការត្រួតពិនិត្យឱ្យមុឺងម៉ាតទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយពីព្រោះជំងឺកូវីដ-១៩ ជាជំងឺឆ្លងសលកសម្លាប់មនុស្សរហ័យណាស់ហើយលើពិភពលោកពុំទាន់រកឃើញថ្នាំព្យាបាលនោះទេដូច្នេះ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់»

ក្នុងឱកាសចុះពិនិត្យស្ថានភាព និងពង្រឹងសមត្ថភាពកម្លាំងនគរបាលវរៈសេនាតូចនគរបាលព្រំដែនគោក ៨២៧ និងបុ៉ស្តិ៍នគរបាលការពារព្រំដែនគោកពយ (១៩៩) លោកស្រីបានពាំនាំនូវគ្រឿងឧបភោគ បរិភោគសម្ភារការពារជំងឺឆ្លងកូវីដ-១៩ ថ្នាំពេទ្យ និងថវិកាមួយចំនួនជូនដល់កម្លាំងសមត្ថកិច្ចផងដែរ។

បន្ថែមពីនេះ លោកស្រីបានអំពាវរនាវដល់ប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុកទាំងអស់ត្រូវអនុវត្តន៍ តាមការណែនាំផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជានិច្ច ហើយបើបងប្អូនចង់វិលចូលស្រុកកំណើតវិញ សូមអញ្ជើញមកតាមច្រកទ្វារអន្តរជាតិចាំយាម និងសូមកុំគេចវេសឱ្យសោះ ដើម្បីការពារការឆ្លងកូវីដ-១៩ ចូលក្នុងសហគមន៍៕