(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលបានលើកឡើងថា ក្រសួងមហាផ្ទៃ បានសម្រេចឱ្យរំលាយសមាជ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ របស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយឱ្យស្នាក់ការចំនួន២១ របស់ហ៊្វុនស៊ិនប៉ិច នៅតាមបណ្តាខេត្ត ឱ្យស្ថិតនៅក្រោមគណបក្សខ្មែររួបរួមជាតិ។

គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកថា ការលើកឡើងរបស់លោកញឹក ប៊ុនឆៃ គឺជាការបំផ្លើសភូតកុហក់ ដើម្បីទាក់ទាញអ្នកចូលរួម ប្រជុំសមាជ ហើយថា បច្ចុប្បន្នពុំមានឯកសាររបស់ក្រសួងមហាផ្ទៃ បញ្ជាក់ពីសេចក្តីសម្រេចខាងលើនេះនោះទេ។ ហ៊្វុនស៊ិនប៉ិច និយាយថា តាមច្បាប់ស្តីពីគណបក្សនយោបាយ លោក ញឹក ប៊ុនឆៃ បាត់បង់សមាជិកភាពនៃគណបក្សហ៊្វុនប៉ិច ហើយពុំមានសិទ្ធិ អ្វីទាមទារទ្រព្យសម្បត្តិរបស់ គណបក្សហ៊្វុនស៊ិនប៉ិចនោះទេ។

ក្នុងពិធីសមាជជាលើកដំបូងរបស់ គណបក្សខ្មែររួបរួមជាតិ នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សថ្មីនេះ បានអះអាងថា ក្រសួងមហាផ្ទៃ បានយល់ព្រមលុបចោលសមាជកាល ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ របស់គណបក្សហ៊្វុនស៊ិនប៉ិច ហើយថាក្រសួងមហាផ្ទៃ ក៏បានសម្រេចឱ្យ គណបក្សខ្មែរ រួបរួមជាតិ គ្រប់គ្រងសាខាស្នាក់ការរបស់ គណបក្សហ៊ុនស៊ិនប៉ិច ចំនួន២១ តាមបណ្តាខេត្តផងដែរ។

សូមបញ្ជាក់ថា នាថ្មីៗនេះ គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ បានដាក់ពាក្យប្តឹងគ្នា ទៅវិញទៅមកដើម្បីដណ្តើមស្នាក់ការរបស់គណបក្សរៀងៗខ្លួន បន្ទាប់ពីបែកបាក់គ្នាបែងគ្នា ម្តងទៀតកាលពីខែមុន៕