(កណ្ដាល)៖ គណៈអ៊ីម៉ាំស្រុកកោះធំ ខេត្តកណ្ដាល ប្រជុំពង្រឹងលើគុណភាពអប់រំ ផ្នែកសាសនា ក្នុងទិសដៅលើកកម្ពស់វិស័យអប់រំឲ្យកាន់តែល្អប្រសើរឡើង ដែលអង្គប្រជុំនេះប្រព្រឹត្តិទៅនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដែលមានសមាសភាពចូលរួមពីលោកគ្រូ-អ្នកគ្រូផ្នែកសាសនាឥស្លាមជាច្រើននាក់។

ស្ថិតនៅក្នុងអង្គជុំនុំនេះ លោក ឡា ស្លេះ ជាប្រធានអង្គប្រជុំ ជាអ៊ីម៉ាំស្រុកកោះធំ និងជានាយកផ្នែកគ្រូខ្មែរឥស្លាម បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានបើកឱកាសទូលំទូលាយដល់សាសនិកឥស្លាមទាំងអស់ អាចប្រតិបត្តិផ្នែកសាសនារបស់ខ្លួនបានយ៉ាងពេញលេញ ព្រមទាំងបានអនុញ្ញាត្តបញ្ជូលលោកគ្រូ-អ្នកគ្រូផ្នែកសាសនាឥស្លាម ឲ្យចូលទៅក្របខណ្ឌរដ្ឋ មានប្រាក់ខែរដ្ឋ ដែលនេះសបញ្ចាក់ឲ្យឃើញពីគុណតម្លៃដ៍ធំធេងរបស់សម្ដេចតេជោ ដែលបានគិតគូរ អាណិតស្រលាញ់មកដល់សាសនិកឥស្លាមគ្រប់ៗរូប។

លោក ឡា ស្លេះ បានបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះដែរ ក៏មិនភ្លេចពីគុណបំណាច់ដ៏ធំធេងរបស់លោក ចៅ តុល អនុប្រធានគណៈពង្រឹងអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ ដែលលោកខិតខំកសាងអគារសិក្សាដ៍ធំមួយ បានសាងសង់វិហារដ៍ធំស្កឹមស្កៃ អគារវេសនដ្ឋាន ព្រមទាំងសមិទ្ធផលនានាជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាប្រយោជន៍រួមដល់សហគមន៍ខ្មែរឥស្លាមដែលគោរពស្រលាញ់លោក ចៅ តុល ព្រមទាំងស្មោះស្ម័គ្គចំពោះ សម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា។

ថ្លែងទៅកាន់សមាជិកអង្គជុំនុំនេះដែរ លោក ឡា ស្លេះ បានគូសបញ្ជាក់លើចំណុច នៃការពង្រឹងលើគុណភាពអប់រំចំពោះកុមារតូចៗ ដែលថ្នាក់ក្រោមនេះ ជាចាំបាច់បំផុតសំរាប់ការចាក់គ្រឹះឲ្យរឹងមាំដល់ក្មេង ដើម្បីជាស្ពានសំរាប់ពួកគេ អាចមានសមត្ថភាពកាន់តែខ្លាំងឡើងចំពោះការសិក្សារៀនសូត្រ ពិសេសយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ផងដែរចំពោះសិស្សធំធំ ដោយផ្ដោតសំខាន់ទាំងអស់លើការបង្រៀនផ្នែកក្រមសិលធម៍ ចរិយាមាយាទល្អ សិលធម៍ល្អ កូនល្អ ប្រជាជនល្អ និងកត្តាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យអប់រំនេះ ដើម្បីក្លាយជាសរសរទ្រូងប្រទេសជាតិ ចូលរួមជួយកសាងប្រទេសជាតិឲ្យមានការរីកចំរើនទៅមុខជាលំដាប់៕