(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះទៅពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានមើលថែ និងព្យាបាលជូនអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកនៅទីនោះ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យដែលកំពុងមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័កដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពអ្នកជំងឺកន្លងមក ហើយលោកក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀត ដើម្បីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើង។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ ជួយបន្តយកចិត្តទុកដាក់ណែនាំដល់អ្នកធ្វើចត្តាឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាកុល ពាក់ម៉ាស ពិសេសអនុវត្តវិធានការពារ ៣កុំ និង៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ បានបន្តអញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យរុស្ស៊ី នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕