(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកទី១ ជូនកងរាជអាវុធហត្ថ ដែលមាននាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋានស្នងការដ្ឋានភស្តុភា កងអន្តរាគមន៍កងរាជអាវុធហត្ថ កងវរសេនាតូចចល័តកងរាជអាវុធហត្ថ។

កម្លាំងអាវុហត្ថបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានអាវុហត្ថលើផ្ទៃប្រទេស។

សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។

ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ៖

១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ
២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ
៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត
៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន
៥៖ មន្ទីរពេទ្យកេតុមាលា សម្រាប់ថ្នាក់ដឹកនាំកងទ័ព។ ដោយឡែក សម្រាប់អង្គភាពទ័ពមួយចំនួន នឹងមានការរៀបចំទៅដាក់ដល់ក្នុងអង្គភាពផ្ទាល់តែម្ដង។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។ គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៧៧៧០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ២,៥៨៣នាក់ ហើយក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងកើនដល់ចំនួនសរុប ៣៦,៧៣៥នាក់ ក្នុងនោះមាននារី ៣,១៨៣នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៦៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៦នាក់ និងអ្នកជំងឺ១៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕