(ក្រចេ)៖ នៅក្នុងខេត្តក្រចេះ មានអ្នកធ្វើចត្តាឡីស័កទាំងកម្រិត១ និងកម្រិត២ សរុប ២៧៤នាក់ គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ប៉ែន លីណាត និងសហការី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាបន្ថែម ដែលជាអំណោយរបស់លោក វ៉ា ថន អភិបាលខេត្ត ប្រគល់ជូនប្រជាពលរដ្ឋចំនួន៩នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក ដែលមានជីវភាពខ្សត់ខ្សោយ។

«ក្នុងនោះដែរអ្នកធ្វើចត្តាឡីស័ក៦នាក់ នៅមន្ទីរពេទ្យបង្អែកស្រុក ទទួលបានថវិកា ១០ម៉ឺនរៀល និង០៣នាក់ ដែលធ្វើចត្តាឡីស័កនៅផ្ទះ ទទួលបានថវិកា ៣០ម៉ឺនរៀល»។ នេះបើតាមអភិបាលរងខេត្តក្រចេះ។

លោក ប៉ែន លីណាត បានលើកឡើងថា សម្រាប់ខេត្តក្រចេះ មកដល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមាន លើនរណាម្នាក់ឆ្លងនូវជំងឺកូវីដ-១៩នោះទេ។ លោកបន្តថា ចំពោះប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកនៅពេលនេះ គឺទទួលបានលទ្ធផលនៃមេរោគកូវីដ-១៩ អវិជ្ជមានទាំងអស់។

លោកសំណូមពរបន្ថែមថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំជាមួយ សូមកុំមានការរើសអើងចំពោះអ្នកដែលបានចូល និងក្រោយពេលចាកចេញពីមណ្ឌលធ្វើចត្តាឡីស័ក។ ជាពិសេស លោកសូមអំពាវនាដល់ ប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបានស្នើដល់អាជ្ញាធរស្រុក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះប្រជាពលរដ្ឋ ជាពិសេសពលករ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមបញ្ជាក់ដែរថា ស្រុកស្នួលមានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួន ០២ កន្លែង គឺមន្ទីរពេទ្យស្នូល និងសណ្ឋាគារហេងហេង ត្រពាំងស្រែ។ ចំនួនអ្នកបានធ្វើចត្តាឡីស័កសរុប ទាំងកម្រិត ១និង២ ចំនួន ២៧៤នាក់ ស្រី១០៤នាក់ ក្នុងនោះ កម្រិត ១ មាន ១៨៤នាក់ ស្រី ៦៧នាក់ កម្រិត២ មាន ៩០នាក់ ស្រី ៣៧នាក់។ អ្នកធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យស្នូលមាន ៦នាក់ ស្រី៤នាក់ និងនៅសណ្ឋាគារហេងហេង ត្រពាំងស្រែ ៧៩នាក់ ស្រី១៧នាក់៕