(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ឬ Angkor Today ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។

ការប្រកាសច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពី សារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ Wechat ដោយប្រើប្រាស់ចំណងជើងថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ Angkor Times ជារឿងផ្តេសផ្តាស់។ លោកស្រីបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន នៅកម្ពុជា គឺបាន និងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ ។

អ្នកនាំពាក្យរូបនេះ បានថ្កោលទោសចំពោះជនមួយចំនួនដែលបំពុលសង្គម តាមរយៈការប្រឌិតព័ត៌មាននេះឡើង ដើម្បីបំភាន់សាធារណជន ធ្វើឲ្យមានការយល់ច្រឡំចំពោះកម្ពុជា។

លោកស្រី ឱ វណ្ណឌីន ថ្លែងថា៖ «យើងមិនមានឱ្យអ្នកដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះយើងអត់មានវ៉ាក់សាំងណាដែលចាក់ឱ្យក្នុងតម្លៃហ្នឹង (១២០ដុល្លារ)ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញាសម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់ ហើយយើងមានបញ្ជីឈ្មោះអ្នកចាក់ត្រឹមត្រូវ»

លោកស្រី បានសុំអធ្យាស្រ័យចំពោះប្រជាពលរដ្ឋ ដោយសារ ចំនួនវ៉ាក់សាំងជំហានដំបូងនេះមានកម្រិត មិនអាចចាក់ឱ្យគ្រប់គ្នាបាន។

ជំនួយវ៉ាក់សាំង ចិន ជំហានដំបូងចំនួន៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស ដែលផ្តល់ជូនតាមសំណើក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ចំណែក៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់។

គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៧៧៧០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ២,៥៨៣នាក់។ ចំណែក ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងនេះ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៣៦,៧៣៥នាក់ ក្នុងនោះមាននារី ៣,១៨៣នាក់៕