(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមអបអរសារទរចំពោះសហគមន៍កសិកម្មព្រះឃ្លាំងមានជ័យ ក្នុងឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលត្រឹមរយៈពេលតែប៉ុន្មានឆ្នាំសោះ បានពង្រីកសមាជិករបស់ខ្លួន មានការកើនឡើងយ៉ាងច្រើន និងមានជីវភាពធូរធាប្រសើរជាងមុន។

ថ្លែងក្នុងពិធីមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ (លើកទី៧) និងលើកទិសដៅផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២១ របស់សហគមន៍កសិកម្មព្រះឃ្លាំងមានជ័យ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ពឹង ទ្រីដា បានចូលរួមអបអរសារទរជាមួយសហគមន៍ព្រះឃ្លាំងមានជ័យ ដែលត្រឹមរយៈពេល ៧ឆ្នាំសោះ ពោលចាប់ពីឆ្នាំ២០១៣ ដែលមានសមាជិកត្រឹម២៨គ្រួសារ ដល់ឆ្នាំ២០២០នេះ មានសមាជិកកើនឡើងរហូត ១៨៥គ្រួសារ។

លោកប្រធានមន្ទីរបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ការកើនឡើងចំនួនសមាជិកដ៏ច្រើនរបស់សហគមន៍នេះ ដោយសារក្រុមហ៊ុនដែលបានព្រមព្រៀងចុះកិច្ចសន្យាទិញផលិតកម្មកសិកម្ម មានការបញ្ជាទិញកើនឡើង ដែលកត្តានេះក៏ផ្តើមចេញពីភាពស្មោះត្រង់របស់សមាជិកសហគមន៍ម្នាក់ៗ ដែលបានផលិតកម្មកសិកម្ម ស្របតាមស្តង់ដារ និងគោរពបានតាមកិច្ចព្រមព្រៀងនៃការចុះកិច្ចសន្យាជាមួយគ្នា ដែលចំណុចនេះសូមអំពាវនាវឲ្យបងប្អូន សមាជិកសហគមន៍ត្រូវរក្សាភាពស្មោះត្រង់បន្តទៀត ដើម្បីឲ្យក្រុមហ៊ុនកាន់តែមានជឿជាក់ និងមានការបញ្ជាទិញកើនឡើថែមទៀត»

លោក ពឹង ទ្រីដា ក៏បានថ្លែងជម្រាបជូនបងប្អូនប្រជាសហគមន៍ ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម អាជ្ញាធរខេត្តព្រះវិហារ មន្ទីរកសិកម្មខេត្តព្រះវិហារ អង្កការ សមាគម និងដៃគូរអភិវឌ្ឍន៍ជាច្រើនទៀត ដែលបានចូលរួមចំណែកជួយបងប្អូនប្រជាកសិករយើង ដូចជា ជួយរកទីផ្សារ ជួយបណ្តុះបណ្តាលបច្ចេកទេស ជួយឧបត្ថម្ភសម្ភារផ្សេងៗ ក្នុងន័យជួយលើកកម្ពស់ជីវភាពប្រជាកសិករឲ្យមានជីវភាពធូរធា។

ករណីនេះលោកសូមឲ្យបងប្អូនប្រជាកសិករត្រូវចូលថែរក្សាសុខសន្តិភាព និងចូលរួមគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត ក្រោមមាគ៌ាដឹកនាំដ៏ ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ដោយអនុវត្តអោយបានតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺ «៣កុំ និង៣ការពារ» ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

សូមបញ្ជាក់ថា សហគមន៍កសិកម្មព្រះឃ្លាំងមានជ័យ ក្នុងឆ្នាំ២០២០កន្លងមកនេះ សហគមន៍មានមុខរបរសំខាន់ៗមួយចំនួនដូចជា៖ ចុះកិច្ចសន្យាទិញលក់ស្រូវសរីរង្គជាមួយក្រុមហ៊ុន AMRU RICE ធ្វើឥណទានសាច់ប្រាក់ ជូនដល់សមាជិក, កែឆ្នៃវេចខ្ចប់កិនស្រូវ អង្ករលក់, សហការជាមួយអង្កការ World Vision (Financial Partnering) រៀបចំតម្លើងស្ថានីយ៍ចែកចាយទឹកស្អាតជូនសមាជិកផងដែរ៕

\