(ភ្នំពេញ)៖ ខារ៉ាអូខេ «The World» ដែលមានទីតាំងស្ថិតនៅខាងក្រោយ ផ្សារទំនើបបឹងត្របែកផ្លាហ្សា សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានមន្រ្តីសាលាខណ្ឌចំការមន ប្រាប់ថា សង់គ្មានច្បាប់ទម្លាប់ និងគ្មានច្បាប់អាជីវកម្មនោះឡើយ ហើយថែមមិនស្តាប់អាជ្ញាធរ និងមន្រ្តីជំនាញទៀតផង នៅពេលដែលចុះទៅហាមឃាត់។

ទីតាំងខារ៉ាអូខេមួយនេះ បានបើកដំណើរការជិតកន្លះឆ្នាំមកហើយ ដែលជាខារ៉ាអូខេលំដាប់ខ្ពស់មួយ ក្នុងរាជធានីភ្នំពេញពីព្រោះគេ សង្កេតឃើញថា នៅពេលភ្ញៀវចូលច្រៀងម្តងៗ គឺរថយន្តសេរីទំនើបៗ ថ្លៃៗកប់ពពក បានចតលើដងផ្លូវ នៅខាងមុខខារ៉ាអូខេ ស្ទើរតែគ្មានក្រុមភ្ញៀវណាជិះម៉ូតូទៅឡើយ។ ដូច្នេះទំនងម្ចាស់ទីតាំងជាមន្រ្តីជាន់ខ្ពស់ និងអំណាចពេញដៃហើយមើលទៅបានជា មិនស្តាប់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញនៅពេលចុះទៅហាមឃាត់និងណែនាំបែបនេះ។

មន្រ្តីសាលាខណ្ឌចំការមន សូមមិនបញ្ចេញឈ្មោះ បានលួចប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា «ក្នុងពេលកំពុងដំណើរការចាប់តាំងពីការសាងសង់ រហូតដល់បើកលក់ គឺមិនមានច្បាប់សាងសង់ និងច្បាប់បម្រើអាជីវកម្មត្រឹមត្រូវ​នោះទេ ទោះជាមន្រ្តីសាលាខណ្ឌ ចុះទៅឃាត់ និងសុំពិនិត្យជាច្រើនដង ក៏មិនស្តាប់ដែរ មិនដឹងថា ខ្នងរបស់គេប៉ុនណានោះឡើយ»។ ជាមួយគ្នានេះ ទីតាំងហាងខារ៉ាអូខេដ៏ធំមួយនេះ ត្រូវបានគេប្រទះឃើញថា សាងសង់រំលោភទៅលើចំណីប្រឡាយ បង្ហូរទឹកស្អុយ បឹងត្របែក ថែមទាំងសង់ស្ពានដែកមួយនៅពីខាងក្រោយទៀតផង។

មន្រ្តីសាលាខណ្ឌរូបនេះ បានថ្លែងថា «ហាងខារ៉ាអូខេនេះ ពេលកំពុងសាងសង់ យើងបបាន ចុះទៅហាមឃាត់ពីរ-បីដងរួចមកហើយ តែគេមិនស្តាប់យើងរហូតដល់សង់រួចរាល់ជា ស្ថាពរ។ មកទល់ពេលនេះយើងមិនទាន់ឃើញម្ចាស់ខារ៉ាអូខេយកឯកសារមកបង្ហាញ​ នោះទេ។ ចំពោះការរំលោភលើដីចំណីប្រឡាយ និងសង់ស្ពានដែកមួយលើមាត់ប្រឡាយ គេថា សុំសាលាក្រុងរួចហើយ បើចង់រុះចេញវិញឲ្យតែខាងសាលាក្រុងប្រាប់គេនឹងរុះចោលភ្លាម»

ពាក់ព័ន្ធទៅលើកាសសាងសង់ហាងខារ៉ាអូខេ ដែលមានទីតាំងខាងមុខ ជាប់ផ្លូវលេខ១០៣ និងខាងក្រោយជាប់ប្រឡាយនេះដែរ ត្រូវបានប្រជាពលរដ្ឋ ជាច្រើនដែលមានទីលំនៅតាមបណ្តោយ ប្រឡាយបង្ហូរទឹកបឹងត្របែករិះគន់យ៉ាងខ្លាំង ទៅលើថៅកែនោះ ដែលមិនស្តាប់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បង្ខំសាងសង់សំណង់រំលោភទៅលើមាត់ប្រឡាយនេះរហូតទាល់តែរួចរាល់។ ចំណីមាត់ប្រឡាយបង្ហូរទឹកនេះដែរ ត្រូវបានសាលារាជធានីភ្នំពេញអនុញ្ញាតឲ្យសាងសង់ឆ្ងាយពីមាត់ប្រឡាយចំនួន១ម៉ែត្រកន្លះ និងជាពិសេសទុកជាផ្លូវសាធារណៈ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅមកបានផងដែរ ។ នៅព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា មានសំណង់តូចធំមួយចំនួន នៅតែចូលចិត្តសង់រំលោភ យកចំណីដីសាធារណៈសម្តេចបាន​ស្នើដល់ម្ចាស់សំណង់ចំណង់ទាំងនោះ ត្រូវបញ្ឈប់ការសង់រំលោភផ្លូវសាធារណៈ ហើយត្រូវតែ គោរពច្បាប់ឲ្យបានត្រឹមត្រូវ ប្រសិនបើកពួកគេមិនចង់ឲ្យមានការរុះរើសំណង់ពេលកំពុងសាងសង់ ឬទទួលទោសពិន័យផ្សេងៗ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងនៅលើ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយរំលេចជាមួយរូបភាព នៃការដ្ឋានសំណង់របស់អគារ ណាហ្គាជាច្រើនសន្លឹកថា ការវិនិយោគផ្នែកសំណង់ ទូទៅរួមទាំង Hotel, Condo, Apartment, សាលារៀន ផ្សារទំនើប Malls និងក្លឹបកម្សាន្តនានានៅទូទាំងរាជធានីភ្នំពេញ កំពុងរីក ដុះដាលស្ទើរគ្រប់ទីកន្លែង។
ទន្ទឹមការរីកដុះដាលការសាងសង់នេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រុមហ៊ុនទាំងនោះ ទោះបីតូច ឬធំ ត្រូវយកចិត្តទុកដាក់ លើសុវត្ថិភាពជាចម្បង ហើយរាល់ការសាងសង់ គឺត្រូវតែមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ហើគោរពតាមគោលការណ៍សំណង់ និង មាន គុណភាព ដែលជាទីទុកចិត្តរបស់ពលរដ្ឋ។

តែសម្តេចបានថ្លែងគូសបញ្ជាក់ថា សំណង់មួយចំនួននៅតែចូលចិត្តបំពានយកចំណីដីផ្លូវសាធារណៈ «នៅក្នុងរាជធានីភ្នំពេញ យើង សង្កេតឃើញមានសំណង់តូចធំមួយចំនួន គឺធ្វើចូលចិត្តតែរីកលយចេញមកខាងក្រៅលើចំណីដីសាធារណៈ ហើយគិតថានឹងបានរួច ពីសំណាញ់ច្បាប់។ ដើម្បីចៀសវាងការរុះរើចេញនៅក្នុងពេលពាក់កណ្តាលសាងសង់អាគារ គឺសូមបណ្តាក្រុមហ៊ុននានាយកចិត្តទុក  ដាក់ កុំបំពារបំពាន ឬកេងចំណេញយកចំណីផ្លូវសាធារណៈធ្វើជារបស់ផងខ្លួន។ នាំគ្នាគោរពច្បាប់ឲ្យបានល្អត្រឹមនត្រូវ បើទោះបី ពេលមុន ឬពេលនេះ បានរួចផុតពីសំណាញ់ច្បាប់ តែនៅពេលមួយនោះនឹងទទួលទោសពិន័យធ្ងន់ធ្ងរថែមទៀត»

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ធ្លាប់បានបញ្ជាឲ្យរុះរើម្តងរួច មកហើយនូវសំណង់អគាររបស់ណាហ្គាវើល បន្ទាប់ពីសម្តេចពិនិត្យឃើញថា សំណង់នេះ សង់រំលោភលើដីសាធារណៈ។ បន្ទាប់ពី  នោះសម្តេចតេជោ បានព្រមានឲ្យរុះរើចោលទាំងអស់រាល់សំណង់ទាំងឡាយណា ដែលសង់រំលោភលើផ្លូវសាធារណៈ។ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានផងដែរទៅដល់មន្រ្តី ដោយសម្តេចបញ្ជាក់ថា មន្រ្តីនៅតាមមូលដ្ឋានត្រូវតែទទួលខុសត្រូវនៅ  លើទឹកដីរបស់ខ្លួនពេលមានសំណង់ខុសច្បាប់ ឬរំលោភចំណីដីសាធារណៈកើតមានឡើង៕