(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះប្រគល់ផ្ទះថ្មីមួយខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនកំពតផត ជូនលោកនាយចំណង់ តាញ សាំង។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានឲ្យដឹងថា លោក តាញ សាំង មានអាយុ ៥០ឆ្នាំ ភរិយាឈ្មោះ ប៊ុន ចាន់ធី អាយុ ៥៦ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន៤នាក់ និងចៅកំព្រា ១នាក់ផងដែរ បច្ចុប្បន្នរស់នៅភូមិប្រនាគ ឃុំចើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៩ មានតួនាទីជាអនុប្រធានអនុសេនាធំទី២ នៃយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបានរបួសពិការនៅក្នុងសមរភូមិតំបន់កំពង់ស្ដេច ឃុំក្រវ៉ាស្រុកបារាយណ៍ នៅដើមឆ្នាំ១៩៩៣។

អតីតយុទ្ធជនដែលពិការ និងពលីជីវិតដោយសារសង្គ្រាម គឺបានរួមចំណែកយ៉ាងធំធេងជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ បើគ្មានអតីតយុទ្ធជនដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ និងមាតុភូមិទេនោះ ក៏មិនមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះដែរ។

លោកបញ្ចាក់ថា ផ្ទះថ្មីដែលទើបសាងសង់រួចប្រគល់ជូនអតីតយុទ្ធជនពិការនៅពេលនេះគឺជាខ្នងផ្ទះទី១៨៥ ដែលមានទំហំ ៤ម៉ែត្រX ៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដីសរសរ បេតុងឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ដែលបានសាងសង់ដោយក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩ ដែលកំពុងឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅរាជធានីភ្នំពេញ ដោយត្រូវអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ។ ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមានអង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ដែរថា ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕