(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ដែលនឹងប្រព្រឹត្តិទៅស្របពេលជាមួយគ្នានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅកម្ពុជា នៅពាក់កណ្តាលឆ្នាំ២០២១នេះ។

ជាមួយគ្នានេះដែរ ក្រុមការងារអន្តរក្រសួង/ស្ថាប័នកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារមូលនិធិអាស៊ី-អឺរ៉ុប ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០មក ដើម្បីពិភាក្សាកែសម្រួលសេចក្តីព្រាងកម្មវិធី ផែនការសកម្មភាព និងគម្រោងថវិកាសម្រាប់ ASEFYLS4 ក្នុងគោលបំណងរៀបចំ ASEFYLS4 ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងបរិបទនៃការរាតត្បាតរបស់ជំងឺកូវីដ-១៩។

យោងតាមការណែនាំរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការបរទេស ដែលជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័ន រៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ បានដឹកនាំក្រុមការងារអន្តរក្រសួង/ស្ថាប័នកម្ពុជា ជួបប្រជុំជាមួយក្រុមការងារមូលនិធិអាស៊ី-អឺរ៉ុប (ASEF) តាមប្រព័ន្ធវីដេអូជាច្រើនលើកដោយរលូន និងប្រកបដោយផ្លែផ្កា ដើម្បីជំរុញឱ្យ ASEFYLS4 ទទួលបានភាពជោគជ័យក្នុងកម្រិតខ្ពស់។

ឆ្លងកាត់ការប្រជុំពិភាក្សាជាច្រើនលើកនេះ ក្រុមការងារទាំងពីរបានសម្រេចយក «ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» (Sustainable Development in a post-COVID-19 World) ជាមូលបទនៃ ASEFYLS4 ដើម្បីឱ្យស្របតាមការត្រៀមខ្លួនរបស់ពិភពលោកសម្រាប់ «សភាពធម្មតាតាមបែបគន្លងថ្មី» (the new normal)។

លើសពីនេះ ក្រុមការងារទាំងពីរបានសម្រេចបែងចែកខ្លឹមសារនៃកិច្ចប្រជុំកំពូលនេះជា ៤ផ្នែក ដែលកំណត់ទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ចំនួន៤រួមមាន៖ SDG3 សុខភាព និងសុខុមាលភាពមាំមួន (Good Health & Wellbeing) SDG4 ការអប់រំប្រកបដោយគុណភាព (Quality Education) SDG8 ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (Decent Work & Economic Growth) SDG13 សកម្មភាពបរិស្ថាន(Climate Action)

កម្មវិធីសំខាន់ៗនៃ ASEFYLS4 ដែលបាន និងកំពុងអនុវត្ដចែកចេញជា ៤ដំណាក់កាលរួមមាន៖

* ដំណាក់កាលទី១៖ ការជ្រើសរើស និងបណ្ដុះបណ្ដាលយុវជនបង្គោល(Navigators Selecting and Trainings)

ASEF បានជ្រើសរើសយុវជនបង្គោល (Navigators) ចំនួន១៥ រូប ក្នុងនោះមានយុវជនកម្ពុជាចំនួន ៤រូប ផងដែរ។ យុវជនបង្គោលទាំង១៥ រូប បានទទួលការបណ្ដុះបណ្ដាលតាមប្រព័ន្ធវីដេអូ ដោយផ្ដោតលើមូលបទនៃ ASEFYLS4 ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ០៤ខាងលើ ដើម្បីត្រៀមខ្លួនចូលរួមឱ្យបានយ៉ាងសកម្មក្នុងកម្មវីធីនានានៃកិច្ចប្រជុំ ASEFYLS4។

* ដំណាក់កាលទី២៖ ការកសាងចំណេះដឹង (Knowledge Building)

យុវជនចំនួន ២០២រូប ក្នុងនោះយុវជនកម្ពុជាមានចំនួន ២៦រូប ត្រូវបានជ្រើសរើសមកពីប្រណ្ដាប្រទេសអាស៊ី-អឺរ៉ុបចំនួន ៥១ប្រទេស ឱ្យចូលរួមក្នុងកម្មវិធីនៃកិច្ចប្រជុំ ASEFYLS4។ យុវជនទាំង ២០២រូប នឹងទទួលបានការបណ្ដុះបណ្ដាល ដើម្បីកសាងចំណេះដឹងលើប្រធានបទជាច្រើន។

*ដំណាក់កាលទី៣៖ កិច្ចប្រជុំកំពូលយុវជន (Youth Summit)

កិច្ចប្រជុំកំពូលយុវជន «Youth Summit» នឹងប្រព្រឹត្តិទៅស្របពេលជាមួយគ្នានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ផ្តោតសំខាន់លើសេចក្តីថ្លែងការណ៍យុវជនកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងជំនួបពិភាក្សារវាងយុវជន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប។

* ដំណាក់កាលទី៤៖ ការអនុវត្ដសកម្មភាពនៃភាពជាអ្នកដឹកនាំ (Leadership in Action)

កម្មវិធីចំនួន១៥ នៃការអនុវត្ដសកម្មភាពនៃភាពជាអ្នកដឹកនាំ Leadership in Action ដែលបង្កើតឡើងដោយយុវជនដែលចូលរួម ASEFYLS4 នឹងត្រូវយកទៅអនុវត្ដនៅក្នុងសហគមន៍តាមបណ្តាប្រទេសអាស៊ី-អឺរ៉ុប នៅចុងឆ្នាំ២០២១។

ដោយឡែកនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ ពិធីបើកកម្មវិធីការកសាងចំណេះដឹង (Knowledge Building) ដែលជាកម្មវិធីដ៏មានសារសំខាន់មួយសម្រាប់យុវជន ដែលបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ចំនួន២០២នាក់ មកពី៥១ប្រទេស ក្នុងតំបន់អាស៊ី-អឺរ៉ុប បានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យតាមរយៈប្រព័ន្ធវីដេអូ ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់។

ពិធីនេះបានប្រព្រឹត្តិទៅប្រកបដោយផ្លែផ្កា និងភាពជោគជ័យខ្ពស់ ដោយបានចាប់ផ្ដើមឡើងដោយសុន្ទរកថាស្វាគមន៍របស់ លោក Ambassador Toru Morikawa នាយកប្រតិបត្តិនៃមូលនិធិអាស៊ី-អឺរ៉ុប និងសុន្ទរកថាបើករបស់ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការបរទេស ដែលជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័នរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4)។

សូមរំឮកផងដែរថា កិច្ចប្រជុំថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប (ASEF Young Leaders Summit) ដែលហៅកាត់ថា ASEFYLS គឺជាវេទិកាយុវជនដែលផ្តោតសំខាន់លើការអនុវត្ត និងបង្កើនបទពិសោធន៍ពាក់ព័ន្ធនឹងទស្សនាទាន យុទ្ធសាស្រ្ត និងសកម្មភាពអភិវឌ្ឍន៍សង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ជារួម ASEFYLS មានគោលបំណងបំពាក់បំប៉ននិស្សិត និងអ្នកអាជីពវ័យក្មេងជាមួយនឹងការយល់ដឹងអំពីបញ្ហាសង្គម ដែលតំបន់អាស៊ី និងអឺរ៉ុបកំពុងប្រឈម និងអ្នកពាក់ព័ន្ធ (Stakeholders) ក្រោមក្របខ័ណ្ឌនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះដែរ ASEFYLS ក៏មានគោលបំណងសម្រួលនូវការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍រវាងយុវជន ថ្នាក់ដឹកនាំ ASEM ព្រមទាំងអ្នកដឹកនាំពីវិស័យឯកជន និងសង្គមស៊ីវិលផងដែរ៕