(ភ្នំពេញ)៖ និស្សិតឆ្នាំទី១ ផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យខេមរៈ នៅចំពោះមុខចៅក្រមជំនុំជម្រះបានទទួលស្គាល់ទោសកំហុសរបស់ខ្លួនថា ពិតជាបានអំពាវនាវ​ឲ្យធ្វើបដិវត្តន៍ពណ៌​ប្រឆាំងរាជរដ្ឋាភិបាល តាមបណ្តាញទំនាក់ទំនងសង្គម Facebook តែបានស្នើឲ្យតុលាការបន្ធូរបន្ថយទោសដល់រូបគេ។ សាលក្រមលើសំណុំរឿងនេះ ត្រូវបានចៅក្រម ហេង សុខណា ថ្លែងឲ្យដឹងថា នឹងប្រកាសនៅថ្ងៃ ទី១៥ ខែមីនា ខាងមុខនេះ។

ការសារភាពរបស់ជនជាប់ចោទ គង់ រ៉ៃយ៉ា អាយុ ២៦ឆ្នាំ រហស្សនាមក្នុង Facebook «Soriya Koko»  បានធ្វើឡើងក្នុងបន្ទប់សវនាការជំនុំជម្រះក្តីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦។

យុវជន គង់ រ៉ៃយ៉ា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រ កាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។  បទល្មើសនេះកំណត់ការផ្តន្ទាទោសពី៦ខែ ទៅ២ឆ្នាំ និង ពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល។

យុវជនរូបនេះ បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «តើមានអ្នកណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ដើម្បីផ្លាស់ប្តូរ​របបមួយ​នេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។

ក្រោយការប្រកាសនេះ សមត្ថកិច្ចអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនយុវជនរូបនេះ ដោយចាត់ទុកការប្រកាសនេះ ធ្វើឱ្យមានភាពអសន្តិសុខក្នុងសង្គម៕