(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្តល់ជំនួយជាម៉ាសវេជ្ជសាស្រ្តចំនួន ១០ម៉ឺនម៉ាស ដល់រដ្ឋបាលរាជធានីភ្នំពេញ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញមានវត្តមានក្នុងពិធីប្រគល់ និងទទួលសម្ភារៈខាងលើ។

សូមជម្រាបថា ចិនគឺជាប្រទេសចម្បងមួយ ដែលបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយម៉ាសក្រណាត់ចំនួន១លាន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅនារសៀលថ្ងៃនេះ។

ការឧបត្ថម្ភអំណោយម៉ាសនេះ ធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» កំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។ បើគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឆ្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍មានចំនួន ៩៩នាក់៕