(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានអំណោយជាម៉ាស់ចំនួន ១លានម៉ាស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ម៉ាស់សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋក្នុងរាជធានី។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចែកម៉ាស់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយការឧបត្ថម្ភម៉ាស់បន្ថែមពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ គឺប្រៀបបានទៅនឹងការផ្ដល់អាហារដល់អ្នកដែលកំពុងអត់ឃ្លាន មានសេចក្ដីត្រូវការប្រចាំថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយម៉ាសក្រណាត់ចំនួន១លាន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅនារសៀលថ្ងៃនេះ។

ការឧបត្ថម្ភអំណោយម៉ាសនេះ ធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» កំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។ បើគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឆ្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍មានចំនួន ៩៩នាក់៕