(ភ្នំពេញ)៖ កម្ពុជា-ហ្វីលីពីន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានពិភាក្សាគ្នាដោយរិះរកវិធី ក្នុងការរៀបចំកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នា ដើម្បី បង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ការពិភាក្សានេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស អនុញ្ញាតឱ្យ លោកស្រី ម៉ារៀ អាម៉េលីតា ស៉ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា ចូលសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស។

«(ភាគីទាំងពីរ) បានពិភាក្សាគ្នា អំពីការរិះរកកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នាឲ្យបានឆាប់ដើម្បីឲ្យវិស័យវិនិយោគ និងទំហំពាណិជ្ជកម្មបានកើនឡើង»។ នេះជាការបញ្ជាក់របស់ លោក កុយ គួង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស, កម្ពុជា-ហ្វីលីពីន មានបំណងពិភាក្សារិះរកមធ្យោបាយ ធ្វើយ៉ាងណាឲ្យទំហំពាណិជ្ជកម្ម ឬក៏វិនិយោគ ដែលកន្លងមកនេះនៅស្តួចស្តើង មានទំហំធំធេងជាងមុន។ លោកថ្លែងឲ្យដឹងថា កន្លងមកទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០១៨ មានប្រមាណជាង ៦០លានដុល្លារ ដល់ឆ្នាំ២០១៩ មានទំហំជិត ១០០លានដុល្លារ ក៏ប៉ុន្តែដល់ឆ្នាំ២០២០ ដោយសារកូវីដ១៩ ក៏ធ្លាក់ចុះបន្តិចទៅវិញ។

ចំពោះការវិនិយោគវិញ លោក កុយ គួង បានឲ្យដឹងថា តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០នេះ ក្រុមហ៊ុនហ្វីលីពីនមកវិនិយោគនៅកម្ពុជា មានប្រមាណតែជាង ១០លានដុល្លារតែប៉ុណ្ណោះ។

សូមជម្រាបថា បើសិនជាប្រទេសពីរ ធ្វើកិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នាជាមួយគ្នានោះ វាគឺជាមធ្យោបាយមួយ ដែលជួយកាត់បន្ថយបន្ទុកអ្នកប្រើប្រាស់ និងអ្នកផ្គត់ផ្គង់រវាងប្រទេសទាំងពីរ បានមួយកម្រិតទៀត។ ជាទូទៅ កិច្ចព្រមព្រៀងការមិនយកពន្ធត្រួតគ្នា គឺជាសញ្ញាវិជ្ជមានមួយទៀត ដែលធ្វើឲ្យប្រទេសទាំងសងខាង ជំរុញទំហំពាណិជ្ជកម្មកាន់តែធំជាងពេលមិនទាន់មានកិច្ចព្រៀមព្រៀងប្រភេទនេះ៕