(​ប៉េកាំង​)៖ អំឡុង​ពេល​បំពេញ​ទស្សនកិច្ច នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែល​ជា​មិត្ត​ជិតស្និត របស់​កោះ​តៃវ៉ាន់​នោះ លោក វ៉ាង យី (Wang Yi) ក្នុងនាម​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ប្រាប់​ទៅកាន់​ប្រធានាធិបតី​តៃវ៉ាន់ ដែល​ទើប​ជាប់ឆ្នោត​ថ្មីៗ គឺ​លោកស្រី ត្សៃ អ៊ី​វិន (Tsai Ing-wen) ថា ចិន​ដីគោក និង​កោះ​តៃវ៉ាន់ គឺជា​ចិន​តែមួយ ហើយ​ចំណុច​នេះ​ក៏​មាន​ចែង​យ៉ាងច្បាស់ នៅក្នុង​រដ្ឋធម្មនុញ្ញរ​បស់​កោះ​តៃវ៉ាន់​ខ្លួនឯង​ផង​ដែរ​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

​លោក វ៉ាង បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន ពាក់ព័ន្ធ​នឹង​កោះ​តៃវ៉ាន់ ដូច្នេះ​ថា «​ប្រធានាធិបតី​តៃវ៉ាន់​ថ្មី​លោក​ស្រី ត្សៃ អ៊ីង​វិន ត្រូវតែ​គោរព​រដ្ឋធម្មនុញ្ញ​រប​ស់កោះ​នេះ​ផ្ទាល់ ដែល​ក្នុងនោះ​មាន ចែងថា ទាំង​ចិនដីគោក និង​កោះ​តៃវ៉ាន់ គឺជា​ផ្នែក​របស់​ប្រទេស​ចិន​ទាំងអស់​។ កោះ​តៃវ៉ាន់​គ្រាន់តែ​ជា​ខេត្ត​មួយ ដ៏​រឹងទទឹង​របស់​ប្រទេស​ចិន​តែប៉ុណ្ណោះ​»​។​

​ការលើកឡើង​ពី​មន្ត្រីជាន់ខ្ពស់​ចិន​ខាងលើនេះ គឺជា​ការឆ្លើយតប​ទៅ​នឹង​គណបក្ស​របស់​លោក​ស្រី ត្សៃ ដែល​កាលពី អំឡុងពេល​នៃ​យុទ្ធ​ការឃោសនាបោះឆ្នោត នោះ​លោកស្រី​បានលើកឡើង​ពី​បញ្ហា​ទាក់ទង​នឹង​ឯករាជ្យភាព​របស់ កោះ​តៃវ៉ាន់ ក៏​ព្រោះតែ​លោកស្រី​ជា​អ្នក​ដែល​បាន​សិក្សា​រៀនសូត្រ និង​មាន​គំនិត​នេះ​នៅក្នុង​ឆាកនយោបាយ របស់​ខ្លួន​ជា​យូរ​មក​ហើយ​៕​