(រតនគីរី)៖ ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តរតនគិរី យុវជនកាយរឹទ្ធ យុវជន កាកបាទក្រហម សិស្សានុសិស្ស មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្រុមហ៊ុនឯកជន អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ ប្រមាណជាង២,០០០នាក់ បានរួមគ្នាធ្វើអនាម័យប្រមូលសំរាម សំអាតបរិស្ថានក្នុងក្រុងបានលុង។

សកម្មភាពនេះ បានធ្វើឡើងព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីជាការបណ្តុះស្មារតី ដល់យុវជនឲ្យចេះស្រលាញ់ និងចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសចង់បំផុសឲ្យ​ប្រជាពលរដ្ឋ មានការភ្ញាក់រលឹក និងចូលរួមទាំងអស់គ្នា ដើម្បីបុព្វហេតុទីក្រុងស្អាត។

សកម្មភាពនេះ​ធ្វើ​ឡើង ដើម្បីចូលរួមអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៤ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរណ៏មានកំណើន» និងវេទិការ​ជាតិ «យុវជន និងទីក្រុងស្អាត» លើកទី១៕