(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការឆាលហ្វាន-កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយអង្គការឆាលហ្វាន-កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការអនុវត្តសកម្មភាព នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជំនួយមនុស្សធម៌ ការត្រៀមរៀបចំគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន។

ពិធីចុះអនុស្សារណៈយោគយល់នេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ហង្ស សាមឿនអនុប្រធាន (គ.ជ.គ.ម) ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រវាងលោក ប្រាស្សាន វើម៉ា (Prashant Verma) នាយកអង្គការ ឆាលហ្វាន-កម្ពុជា នៅអគ្គលេខាធិការដ្ឋាន នៃ (គ.ជ.គ.ម)។

លោក ប្រាស្សាន វើម៉ា (Prashant Verma) អង្គការឆាលហ្វាន-កម្ពុជា បានជំរាបជូនថា កិច្ចព្រមព្រៀងភាពជាដៃគូរ ការចុះអនុស្សរណៈនៃការយោគយល់រវាងគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ គឺជាកិច្ចសហការ លើវិស័យមនុស្សធម៌ ការត្រៀមបម្រុង និងការឆ្លើយតបគ្រោះអាសន្ននៅព្រះរាជាណាចក្រកម្ពុជា។

លោក ប្រាស្សាន វើម៉ា បានបន្តថា អង្គការឆាលហ្វានកម្ពុជា នៅក្នុងតំបន់ប្រត្តិបត្តិការកន្លងមក រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តក្រចេះ និងខេត្តបាត់ដំបង។ អង្គការឆាលហ្វានកម្ពុជា កន្លងមកបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល នៅឆ្នាំ២០២០ ក្នុងការឆ្លើយតបនឹងជំនន់ទឹកភ្លៀងវិធានការការពារជំងឺកូដ-១៩ និងគាំទ្រដល់សិស្ស នៃសាលាគោលដៅដែលគិតជាទឹកប្រាក់ សរុបជិត ៣០ ម៉ឺនដុល្លារ ផងដែរ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់នេះ លោក ហង្ស សាមឿន តំណាងលោកទេសរដ្ឋមន្ត្រី គន់ គីម បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គការឆាលហ្វានកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកន្លងមក ជាពិសេសលើកម្មភាពការងារឆ្លើយតបនឹងគ្រោះអាសន្ន មនុស្សធម៌ និងលើកកម្ពស់សិទ្ធិកុមារ។

លោក ហង្ស សាមឿន ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់អង្គការអង្គការឆាលហ្វានកម្ពុជា ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែសកម្ម និងជិតស្និទ្ធរវាងអង្គការឆាលហ្វានកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដូចជា៖ ការរៀបចំវេទិកា, សិក្ខាសាលា ការបណ្តុះបណ្តាលសកម្មភាពគម្រោង និងរបាយការណ៍ប្រចាំឆ្នាំជាដើម។

គូសបញ្ជាក់ថា ពិធីចុះអនុស្សរណៈនៃការយោគយល់នេះរវាងភាគីទាំងពីរ លោក ហង្ស សាមឿន និងលោក ប្រាស្សាន វើម៉ា ក្នុងគោលបំណង ពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការ ក្នុងការអនុវត្តសកម្មភាព នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជំនួយមនុស្សធម៌ ការត្រៀមរៀបចំគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន នៅព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈ នៃការយោគយល់នេះនឹងចូលជាធរមាន សម្រាប់ថិរវេលាចំនួន០៣ឆ្នាំ គឺឆ្នាំ២០២១ ដល់២០២៣ នៃរាជរដ្ឋាភិបាលកម្ពុជា តាំងពីអង្គការបានចាប់ផ្តើមដំណើរការនៅកម្ពុជា ក្នុងឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០២២។ ជាបន្តបន្ទាប់អង្គការឆាលហ្វានកម្ពុជា ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយចាប់តាំងពីឆ្នាំ២០១៦ និងបន្តមកដល់បច្ចុប្បន្ន៕