(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ប្រាប់ឱ្យកងកម្លាំងដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន លើកទី១ហើយ សូមត្រៀមខ្លួនមកចាក់លើកទី២ ឱ្យបានគ្រប់ៗគ្នា និងឆាប់រហ័ស។

ការប្រកាសបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពក្នុងពិធីរៀបចំធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន បើកការដ្ឋានសាងសង់-ជួសជុលទីលានផ្នូរយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមចំនួន ៤៤៧សព នៅទីលានផ្នូរយុទ្ធជនខេត្តកោះកុង (សពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសយ៉ាងដូច្នេះថា៖ «សម្រាប់កងទ័ពយើងដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទីមួយហើយ អីឡូ វខ្ញុំសូមសម្របសម្រួលពេលវេលាចាក់លើកទី២ ឱ្យបានលឿនជាងមុនបន្តិច ដើម្បីចូលរួមទប់ស្កាត់ស្ថានការណ៍ការរាតត្បាតជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល...! គឺយើងអាចចាក់លើសពី១៤ថ្ងៃកន្លងទៅ ដូច្នេះ សម្របសម្រួលម្មវិធីនេះ ឱ្យយកវ៉ាក់សាំងមកចាក់ អ្នកដែលចាក់លើកទី១ហើយ យ៉ាងតិចលើស១៤ថ្ងៃ ឡើងទៅអាចចាក់បាន ដើម្បីចាក់ឱ្យលឿនបន្តិច»

គួរជម្រាបថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងកើនដល់ចំនួនសរុប ៣១,៥១៩នាក់ ក្នុងនោះមាននារី២,៥៥៥នាក់។

ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យកេតុមាលា ហើយក៏នឹងបន្តចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត នៅពេលខាងមុខនេះ។ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់។

បន្ទាប់ពីមកដល់កម្ពុជា វ៉ាក់សាំងកូវីដ-១៩ ស៉ីណូហ្វាម ត្រូវបានចាក់ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព នៅទីតាំងមួយចំនួនរួមមាន៖ មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា (សម្រាប់កងទ័ព)៕