(ព្រះសីហនុ)៖ ដើម្បីជំរុញការអភិវឌ្ឍន៍លំនៅដ្ឋាន ឲ្យស្របតាមគោលនយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រុមហ៊ុនក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ដែលជាក្រុមហ៊ុនក្នុងស្រុកមួយ បានសម្រេចបោះទុន វិនិយោគប្រមាណ១០០លានដុល្លារ ក្នុងការសាងសង់លំនៅដ្ឋាន តាមបែបស៊ីវិស័យ លើផ្ទៃដីសរុប៦៦ហិកតា ក្នុងខេត្តព្រះសីហនុ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពី អ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំងមន្ដ្រីថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត។ គម្រោងនេះ មានទីតាំងស្ថិតនៅបណ្ដោលផ្លូវជាតិលេខ៤ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធី នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន បានចាត់ទុក គម្រោងនេះ ជាការឆ្លើយតប នឹងអង្គការសហប្រជាជាតិ ក៏ដូចជាការប្ដេជ្ញាចិត្ដ របស់រាជរដ្ឋាភិបាល ទាក់ទងនឹងគោលនយោបាយ ឆ្នាំ២០៣០ អំពីការប្ដេជ្ញាចិត្ដ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋ មានលំនៅដ្ឋានសមរម្យ។

លោកបានបញ្ជាក់ថា គម្រោងនេះ គឺជាការរួមដំណើរដ៏ត្រឹមត្រូវ ជាមួយគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍន៍លំនៅដ្ឋាន សម្រាប់ការចែករំលែក និងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ដែលមានលទ្ធភាព ក្នុងការចាប់យកឱកាសទិញនូវលំនៅដ្ឋាន ដែលមានការរស់នៅ ប្រកបដោយផាសុកភាព និងស៊ីវិល័យ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើកឡើងថា ទោះបីជាប្រទេសកម្ពុជា និងពិភពលោក ព្រួយបារម្ភចំពោះជំងឺកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគ លើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាព ជាបន្តបន្ទាប់។

លោក គួច ចំរើន បានបន្ដទៀតថា ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើង បំភ្លឺផ្លូវ និងសំណង់ អាគារតូច ធំ ក៏ដូចជា តាមតំបន់ទេសចរណ៍នានា ជាពិសេសសំបូរ ទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវមកទស្សនា និងលេងកម្សាន្ដ។

ក្នុងឱកាសនេះ លោក គួច ចំរើន ក៏បានណែនាំ ដល់ក្រុមហ៊ុនឲ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានការ បង្ការទប់ស្កាត់ ជំងឺកូវីដ១៩ តាមបច្ចេកទេស របស់ក្រសួងសុខាភិបាល ជាចាំបាច់ នៅក្នុងការដ្ឋានផ្ទាល់ ស្របពេលដែលវិធានការ បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ កំពុងធ្វើឡើងគ្រប់ទីកន្លែង។

លោក រុណ រដ្ឋា នាយកប្រតិបត្តិគម្រោង លន ស៊ីធី ឡូតធឺសស៊ីថោន បានឲ្យដឹងថា គម្រោងនេះ នឹងចូលរួមចំណែក ក្នុងសកម្មភាពអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុ ជាពិសេស គឺវិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាប៉ូលដ៏សំខាន់។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន នឹងសាងសង់នូវសំណង់លំនៅដ្ឋាន ផ្ទះវីឡា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលធានាគុណភាពស្តង់ដា តាមបទដ្ឋានវិស្វកម្ម និងស្ថាបត្យកម្ម ជាមួយនិងសោភ័ណ្ឌភាព និងភាពស៊ីវិល័យសម័យថ្មី ដើម្បីផ្តល់ជូនអតិថិជន។

បើតាមលោក តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន បានបញ្ជាក់ឲ្យដឹងថា គម្រោងនេះ អភិវឌ្ឍន៍លើផ្ទៃដី ប្រមាណ៦៦ហិកតា ក្រោមទុនវិនិយោគ រហូតដល់ជាង១០០លានដុល្លារអាមេរិក។

ក្នុងនាមស្ថាបនិកក្រុមហ៊ុន លោក តុល លន ក៏បានថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ នាំមកនូវសុខសន្តិភាព បង្កឱកាសដល់ការវិនិយោគ និងការអភិវឌ្ឍន៍ប្រទេសជាតិ ផងដែរ៕