(កណ្ដាល)៖ តាមប្រភពព័ត៌មានបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តនៅរសៀលថ្ងៃទី២២ ខែកុម្ភៈនេះថា ត្រឹមរយៈពេល ២ថ្ងៃ ពោលគឺគិតមកដល់ថ្ងៃទី២២ ខែកុម្ភៈនេះ មនុស្សចំនួន៧០៩នាក់ ដែលជាប់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កតាមមណ្ឌលនានានៅទូទាំងខេត្តកណ្ដាល ខណៈដែលមនុស្សម្នាក់ដែលជាបុគ្គលិកក្លឹប N8 រស់នៅក្រុងតាខ្មៅ ត្រូវបានរកឃើញផ្ទុកវិជ្ជមានកូវីដ-១៩ ហើយកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យរបេង រាជធានីភ្នំពេញ ។

ប្រភពបញ្ជាក់ទៀតថា ពួកគេត្រូវបានមើលថែទាំសព្វគ្រប់បែបយ៉ាង យ៉ាងយកចិត្តទុកដាក់បំផុត មិនឲ្យមានទាស់នោះឡើយ រីឯសុខសុវត្ថិភាពវិញក៍ត្រូវបានធានានិងយាមកាមបានល្អផងដែរ ។

គួរជម្រាបថា អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ធ្លាប់បានគូសបញ្ជាក់ថា កម្លាំងគណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កជាបន្តបន្ទាប់ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ការចាត់វិធានការការពារជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ របស់រដ្ឋបាលខេត្ត បានប្រជុំគណ:បញ្ជាការឯកភាព ដើម្បីដាក់ផែនការអនុវត្តន៍ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានចុះផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ តាមប្រសាសន៍ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនទៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន តាមទីផ្សារ សាលារៀន វិស័យឯកជន ទីតាំងប្រជុំជនជាដើម។

សូមជម្រាបថា គិតត្រឹមម៉ោងស៧៖០០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកជំងឺចំនួន ៩៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕