(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនប្រចាំនៅកម្ពុជា (JICA) បានផ្តល់ឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩ ចំនួន១៦គ្រឿង ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ JICA នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នាថ្ងៃទី ០៨ និង ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ទីភ្នាក់ងារ JICA បានប្រគល់ជូនឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ ១៩ដល់វិទ្យាស្ថានប៉ាស្ទ័រ (IPC) ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្ថានភាពបច្ចុប្បន្នលើការបង្កើនសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ១៩»។

បើតាម JICA, ឧបករណ៍ទាំងនោះរួមមាន QIAamp® Viral RNA Minikit ចំនួន ២៥០តេស្ត ស្មើនឹង ៨គ្រឿង (សរុប ១៦០០តេស្ត) និង SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០តេស្តស្មើនឹង ៨គ្រឿង (សរុប ៤០០០តេស្ត)។

JICA មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមគាំទ្រដល់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា។

«នេះគឺជាការចូលរួមចំណែកជាលើកទី២ របស់ JICA ដល់វិទ្យាស្ថានប៉ាស្ទ័រ ដែលលើកទី១ នៃការប្រគល់ជូន SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០តេស្ត ស្មើនឹង ១គ្រឿងបានធ្វើឡើងនាខែកក្កដា ឆ្នាំ ២០២០»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

សូមជម្រាបថា JICA បានផ្តោតសំខាន់លើការលើកកម្ពស់ការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ នៅក្នុងកម្រិតមូលដ្ឋានជាមួយកម្មវិធីពង្រឹងការយល់ដឹងក្នុងសហគមន៍។ ឧទាហរណ៍គម្រោងលើកកម្ពស់ការការពារពីមេរោគកូវីដ១៩ តាមរយៈការផ្សព្វផ្សាយតាមសហគមន៍ ដោយផ្តល់ការបណ្តុះបណ្តាល ស្តីពីការពង្រឹងការការពារពីមេរោគកូវីដ១៩ ដល់ប្រជាជនងាយរងគ្រោះ កម្មកររោងចក្រកាត់ដេរ និងវាយនភណ្ឌជាច្រើននៅក្នុងក្រុងបាវិត និងខេត្តស្វាយរៀង។

JICA ប្តេជ្ញាក្នុងការធ្វើការងារបន្ថែមទៀតជាមួយក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕