(បាត់ដំបង)៖ ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច ដែលមានជីវភាពក្រីក្រ បានទទួលអំណោយមនុស្សធម៌ និងផ្សព្វផ្សាយសារលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរ

ជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ពីក្រុមការងារឥស្សរជនឆ្នើមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសអបអរសាទរទិវាជាតិមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២១ នៅមណ្ឌលសុខភាពក្តុលដូនទាវ ក្រុងបាត់ដំបង។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមនៃសាខាបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ចែកជូនស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូចដែលមានជីវភាពក្រីក្រចំនួន ២០គ្រួសារ ក្នុងឱកាសអបអរសាទរទិវាជាតិមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ «បន្តផ្តល់សេវាគាំពារ មាតា និងទារក ក្នុងកំឡុងពេលការរាត្បាតជាសាកលនៃជំងឺកូវី១៩» ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្ករសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

កម្មវិធីនេះ ក៏មានកាអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាក្រុងបាត់ដំបង តំណាងមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសរុបអ្នកចូលរួមចំនួន ៥២នាក់នាក់ ស្រី៣៥នាក់ នៅមណ្ឌលក្តុលដូនទាវ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះលោកស្រី ព្រំ វណ្ណា សមាជិកក្រុមការងារឥស្សរជនឆ្នើម នៃសាខាបាត់ដំបង ក៏បានអានសារលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងការថែទាំសុខភាពម្ដាយនិងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» ដូចតទៅ៖

*ទី១៖ សូមឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពពិគ្រោះយោបល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឲ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍/ស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងរោគពីម្ដាយទៅកូន។

*ទី២៖ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យឆ្មបជំនាញ ទទួលបានការបណ្ដុះ បណ្ដាលត្រឹមត្រូវ។

*ទី៣៖ សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជម្ងឺ ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ឆ្នាំ។

*ទី៤៖ បំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់ មុខគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយ រហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។

*ទី៥៖ ប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះ ថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជម្ងឺរាក ឬជម្ងឺផ្សេងទៀត និងយកទារកឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងគីឡូសោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្តន៍គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលតាមការកំណត់ និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងជាតិ និងអន្តរជាតិ សូមជួយនិងបន្តជួយវិនិយោគគាំទ្រដល់ការងារ សុខភាពមាតា ទារក និងកុមានៅកម្ពុជា។

ក្នុងនោះផងដែរ លោកមបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភ ឲ្យបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ: ការរៀបចំសម្ភារក្នុងផ្ទះឲ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាង ណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ ឆ្ការព្រៃជុំវិញផ្ទះអោយបានស្អាត និងជាពិសេស ត្រូវទៅពិនិត្យផ្ទៃពោះតាមការកំណត់របស់គ្រូពេទ្យ និងសូមអោយថែរក្សាសុខភាពត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩។

សម្ភារផ្តល់ជូនស្រ្តីមានផ្ទៃពោះនិងកូនតូច ក្នុង១នាក់ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ឃីត ១កញ្ចប់( ភួយ ក្រមា សារុង អាវ១) ម៉ាស់ ២ដុំ(៥០សន្លឹក)សាប៊ូ ២ដុំ និងថវិកាចំនួន៥ម៉ឺនរៀលនិងឧបត្ថម្ភមណ្ឌលសុខភាព ទឹកបរិសុទ្ធ១០កេស ម៉ាស់១០ប្រអប់ ឧបត្ថម្ភក្រុមគ្រួសារពេទ្យមណ្ឌលសុខភាពចំនួន៧នាក់ក្នុងម្នាក់ៗទទួលបាន៖ឃីត១កញ្ចប់ (មុង ក្រមា សារុង) ថវិកា៥ម៉ឺនរៀលផងដែរ៕