(កោះកុង)៖ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង និងលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះណ្តាល ស្តីពីការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់មន្ត្រីសុខាភិបាលចំនួន ៣៥នាក់ ដើម្បីត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានថ្លែងឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តកោះកុង បានទទួលវ៉ាក់សាំងការពារកូវីដ ១៩១,៨០០ដូស ក្រោមការឧបត្ថម្ភពីក្រសួងសុខាភិបាល ដើម្បីត្រៀមរៀបចំចាក់វ៉ាក់សាំងការពារកូវីដ១៩ ដល់មន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងទាំងអស់។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានថ្លែងបន្តថា ចំពោះការចាក់វ៉ាក់សាំងការពារកូវីដ១៩នេះ គឺត្រៀមចាក់ជូនមន្ត្រីសុខាភិបាល និងកងកម្លាំងនគរបាលខេត្តមាន ២ដំណាក់កាល ដោយដំណាលទី១ មាន៩០០ដូស ដំណាក់កាលទី២ ៩០០ដូស ដែលនេះគឺការអនុវត្តន៍តាមគោលការណ៍របស់ក្រសួង សុខាភិបាល។ ការចាក់វ៉ាក់សាំងនេះគឺចាប់ពី អាយុ១៨ឆ្នាំ ដល់អាយុ៥៩ឆ្នាំ ហើយការចាក់វ៉ាក់សាំងនេះដែរគ្មានការបង្ខិតបង្ខំឡើយគឺចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។

លោកវេជ្ជបណ្ឌិតបានបន្តថា វគ្គបណ្តុះបណ្តាលស្តីពីការធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩មានចំនួន២វគ្គ វគ្គទី១៖ មន្ត្រីសុខាភិបាលខេត្តមានសិក្ខាកាមចំនួន៣៥នាក់ វគ្គទី២៖ មានសិក្ខាកាមចំនួន៣០នាក់ ស្ថិតនៅស្រុកស្រែអំបិលខេត្តកោះកុង សរុបទាំងវគ្គមានសិក្ខាកាមចូលរួមសិក្សា៦៥នាក់ ហើយទីតាំងដែលត្រូវរៀបចំចាក់វ៉ាក់ សាំងមាន២ទីតាំង គឺមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលខេត្តកោះកុង ហើយការចាក់វ៉ាក់សាំងការពារកូវីដ១៩នេះ មន្ត្រីជំនាញសុខាភិបាល ចាប់ផ្តើមចាក់ក្រោយពីសិក្ខាសាលាចប់ទាំង២វគ្គជាស្ថាបពរ៕