(ភ្នំពេញ)៖ ម៉ាសក្រណាត់ចំនួនជាង២៥ម៉ឺន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ជូនអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ដើម្បីបន្តចែកជូនទៅដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះបានរីករាលដាលចូលសហគមន៍ជាថ្មីម្ដងទៀត ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ក្នុងពិធីនៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ឃួង ស្រេង បានលើកឡើងថា ម៉ាសទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់ជំងឺ-១៩។

លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ត្រូវបន្តយុទ្ធនាការ នៃការចែកជូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារ ក៏ដូចជាទប់ស្កាត់ជំងឺកូវីដ-១៩នេះទាំងអស់គ្នា។

សូមជម្រាបថា ម៉ាក់ទាំងជាង២៥ម៉ឺនម៉ាសនេះ ត្រូវផ្ដល់ជូនទៅខណ្ឌទាំង១៤ ដោយក្នុងមួយខណ្ឌ ទទួលបានម៉ាសមួយម៉ឺន និង២៥ផ្សារ ក្នុងមួយផ្សារទទួលបាន៤,៥០០ម៉ាស៕